ក្រសួងបច្ចេកវិទ្យារបស់ប្រទេសវៀតណាមបានណែនាំឱ្យភ្នាក់ងារផ្តល់សេវាទូរគមនាគមន៍ រៀបចំបិទកម្មវិធីផ្ញើសារ Telegram ព្រោះមានការសង្ស័យពីអំពើក្លែងបន្លំ ការជួញដូរគ្រឿងញៀន និងសកម្មភាពដែលសង្ស័យទាក់ទងនឹងអំពើភេរវកម្ម នៅលើវេទិកានេះដែលប្រព្រឹត្តិដោយអ្នកប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ។
សេចក្តីណែនាំនេះត្រូវបានគេឃើញនៅលើឯកសាររបស់រដ្ឋាភិបាលវៀតណាមថ្ងៃទី២១ ខែឧសភា និងចុះហត្ថលេខាដោយអនុប្រធាននាយកដ្ឋានទូរគមនាគមន៍នៅក្រសួងបច្ចេកវិទ្យា ដោយបានបញ្ជាឱ្យក្រុមហ៊ុនទូរគមនាគមន៍ចាត់វិធានការទប់ស្កាត់ Telegram ហើយរាយការណ៍មកក្រសួងឱ្យបានត្រឹមថ្ងៃទី ០២ខែមិថុនា។
ក្នុងនោះក្រសួងបានស្នើឱ្យអ្នកផ្តល់សេវាទូរគមនាគមន៍ ត្រូវដាក់ពង្រាយដំណោះស្រាយ និងវិធានការទប់ស្កាត់សកម្មភាពរបស់ Telegram នៅវៀតណាម។ខណៈប្រទេសនេះបានស្នើសុំ ក្រុមហ៊ុនដូចជា Facebook, YouTube Google និង TikTok ឱ្យសម្របសម្រួលជាមួយអាជ្ញាធរដើម្បីលុបបំបាត់ខ្លឹមសារដែលចាត់ទុកថា មិនសមរម្យ រួមទាំងមាតិកាប្រមាថ មិនពិត។
សូមបញ្ជាក់ថាវេទិកាផ្ញើសារប្រើប្រាស់ដោយឥតគិតថ្លៃនេះ មានអ្នកប្រើប្រាស់ជិតមួយពាន់លាននាក់នៅទូទាំងពិភពលោក បានជាប់ពាក់ព័ន្ធក្នុងភាពចម្រូងចម្រាសជាច្រើន នៅទូទាំងពិភពលោកលើបញ្ហាសុវត្ថិភាព និងការបំពានទិន្នន័យ៕