កាលពីថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបញ្ជូនថ្នាក់ដឹកនាំជាន់ខ្ពស់រហូតដល់ទៅ១៨នាក់ មកពីផ្នែកផ្សេងៗគ្នា ដើម្បីធ្វើដំណើររួមគ្នាទៅកាន់ទ្វីបអឺរ៉ុប ដើម្បីទទួលយកមេដាយមាសពី MONDE SELECTION ដែលជាស្ថាប័នវាយតម្លៃស្តង់ដាគុណភាពផលិតផលលំដាប់ថ្នាក់ពិភពលោក។
លោក ធី កុសល ដែលជានាយកគ្រប់គ្រងច្រវាក់ផលិតកម្ម បានមានប្រសាសន៍ថានៅក្នុងដំណើរទៅកាន់ទ្វីបអឺរ៉ុបលើកនេះ គឺយើងមិនមែនទៅដើម្បីទទួលមេដាយមាសតែមួយមុខនោះឡើយ ពោលគឺយើងនឹងមានជំនួបជាមួយដៃគូសហការនៅអឺរ៉ុបផ្ទាល់ ដែលសុទ្ធសឹងតែជាក្រុមហ៊ុនធំៗលំដាក់ពិភពលោកដែលបានឈរជើងជាយូរឆ្នាំលើឆាកអន្តរជាតិមកហើយ។
លើសពីនេះទៅទៀត នៅក្នុងដំណើរទស្សនៈកិច្ចនេះថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងសិក្សាស្វែងយល់ពីបច្ចេកវិទ្យាទំនើបផ្សេងៗ ដើម្បីនាំយកបទពិសោធន៍ល្អៗនិងបច្ចេកវិទ្យាទំនើបចុងក្រោ ដើម្បីមកពង្រឹងចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឱ្យកាន់ទំនើបខ្លាំងជាងមុននឹងកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។
ជាមួយគ្នានោះដែរ លោក ធី កុសល ក៏បាននិយាយបន្តថា ចំពោះចំណុចពិសេសដែលធ្វើឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អាចទទួលបានមេដាយមាសពី MONDE SELECTION ព្រោះតែផលិតផលដែលផលិតចេញពីរោងចក្រ ខ្មែរ ប៊ែវើរីជីស គឺមានគុណភាពខ្ពស់ការផលិតវិញគឺមានស្តង់ដារច្បាស់លាស់ ចំណែកបរិស្ថាននៅក្នុងរោងចក្រវិញនៅពេលដែលចូលទៅគឺប្រៀបបីដូចជាអូតែលផ្កាយប្រាំអញ្ចឹង។
អ្វីដែលកាន់តែរំភើបទៀតនោះ នេះមិនមែនជាលើកទី១ឡើយ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបញ្ជូនថ្នាក់ដឹកនាំទៅកាន់ទ្វីបអឺរ៉ុប ជារឿយៗថ្នាក់ដឹកនាំតែងតែបានទៅក្រៅប្រទេសដើម្បីរៀនសូត្រយកបទពិសោធន៍ថ្មីៗមកអនុវត្តន៍ជានិច្ច។
គួរជម្រាបថា សមិទ្ធផលដ៏អស្ចារ្យនេះ ក៏នឹងធ្វើឱ្យរោងចក្រខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយពិសេស និងច្រើនជាងគេនៅកម្ពុជា ព្រមទាំងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនឈ្នះមេដាយមាសរយៈពេល១០ ឆ្នាំ ជាប់ៗគ្នាផងដែរ។