សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យវិនិយោគិនវៀតណាមបណ្តាក់ទុនរកស៊ីលើវិស័យផលិតយានយន្តនៅកម្ពុជា
ធី ស្រីល័ក្ខNOVEMBER 10 2022345 views

ដោយមើលឃើញថា នៅក្នុងឆ្នាំ ២០២២ នេះ និងកាលពីឆ្នាំ ២០២១ កន្លងទៅពុំឃើញមានវត្តមានគម្រោងវិនិយោគថ្មីរបស់វៀតណាមនៅកម្ពុជាច្រើនដូចមុន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យវិនិយោគិនវៀតណាមមកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងវិញនៅកម្ពុជា ជាពិសេសក្នុងវិស័យដែលកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជា ដូចជាកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ និងឧស្សាហកម្មយានយន្តធុនស្រាលជាដើម។

ថ្លែងក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជាវៀតណាម ២០២២ កន្លងទៅ សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជា និងវៀតណាម គួរបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង សម្រាប់ជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍ ជាក់ស្តែង ដូចជាការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែន ទៅកាន់ គោលដៅទេសចរណ៍នៅក្នុងខេត្តជាប់ព្រំដែន ជាពិសេសខេត្តនៅតាមតំបន់ឆ្នេរ ដើម្បីសម្រួល និងទាក់ទាញភ្ញៀវទេសចរដែលធ្វើដំណើរទៅមកឆ្លងកាត់ប្រទេសទាំងពីរ។

លើសពីនេះ កម្ពុជា និងវៀតណាម ជាភាគីសមាជិក និងភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងអាសិប (RCEP) ដែលជាយន្តការពាណិជ្ជកម្មសេរី ពហុភាគីដ៏សំខាន់សម្រាប់លើកកម្ពស់ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់, រក្សានូវវិបុលភាព និងស្ថិរភាពនយោបាយតំបន់ គួរបង្កើនកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ ឱ្យពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia