ពលករ និងនិស្សិតកម្ពុជា ដែលកំពុងធ្វើការ និងសិក្សានៅប្រទេសថៃ នឹងទទួលបានការសម្រាលបន្ទុកលើបញ្ហាហិរញ្ញវត្ថុ ពេលវិលត្រឡប់ចូលមាតុភូមិវិញ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសក្នុងសារពិសេសមួយកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥ យ៉ាងដូច្នេះថា៖ «ប្រសិនបើស្ថានការណ៍មិនអាចទ្រាំទ្របាន ពួកគេ (សិស្ស-និស្សិត)គួរតែត្រឡប់មកកម្ពុជាវិញ ជាកន្លែងដែលពួកគេនឹងទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សា។ ប្រសិនបើក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលមិនអាចផ្តល់ការឧបត្ថម្ភបានទេ ខ្ញុំនឹងផ្តល់ថវិកាសម្រាប់ការសិក្សារបស់ពួកគេផ្ទាល់»។ វិធានការនេះមានគោលបំណងផ្តល់ដំណោះស្រាយជំនួស ប្រសិនបើប្រទេសថៃសម្រេចចិត្តបញ្ឈប់អាហារូបករណ៍។
លើសពីនេះ ឆ្លើយតបនឹងការអំពាវនាវរបស់ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែមិថុនា សមាគមធនាគារនៅកម្ពុជា (ABC) និង សមាគមមីក្រូហិរញ្ញវត្ថុ (CMA) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើ ការពិនិត្យលទ្ធភាពក្នុងការ ជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីប្រទេសថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។
យ៉ាងណាមិញ ចំពោះវិធានទាំងពីរខាងលើ នឹងជួយសម្រាលបន្ទុកហិរញ្ញាវត្ថុមួយផ្នែកធំដល់សិស្ស-និស្សិត និងបងប្អូនពលករដែលកំពុងមានការព្រួយបារម្ភជុំវិញករណីជំពាក់កម្ចីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពេលវិលត្រឡប់មកកាន់កម្ពុជាវិញ៕