យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ COMTRADE ស្តីពីពាណិជ្ជកម្មអន្តរជាតិបានឱ្យដឹងថាគិតត្រឹមឆ្នាំ២០២៣ ប្រទេសដែលជាដៃគូនាំចូលច្រើនបំផុតរបស់កម្ពុជាគឺប្រទេសចិន ប្រទេសវៀតណាម និងប្រទេសថៃ។
ក្នុងនោះការនាំចូលទំនិញចម្បងរួមមាន ឥន្ធនៈ រ៉ែ ប្រេង ក្រណាត់ ឧបករណ៍អគ្គិសនី គ្រឿងអេឡិចត្រូនិកនិងផលិតផលចម្រុះ ដែលគិតជាទំហំទឹកប្រាក់សរុប ២១.៦៨ពាន់លានដុល្លារ។ ដោយឡែកចំពោះការនាំចេញវិញកម្ពុជាមានជាដៃគូពាណិជ្ជកម្មទៅកាន់ប្រទេសធំៗចំនួន៣រួម ចិន សហរដ្ឋអាមេរិក និងវៀតណាម។
ទៅកាន់ទីផ្សារប្រទេសចិនទំនិញសំខាន់ៗ សម្រាប់នាំចេញភាគច្រើនជាផលិតផលកសិកម្មដូចជា អង្ករ ស្វាយ ចេក ផ្លែមៀនជាដើម។ ចំណែកនាំចេញទៅសហរដ្ឋអាមេរិករួមមាន សម្លៀកបំពាក់ ស្បែកជើងនិងផលិតផលអេឡិចត្រូនិក។ សម្រាប់ការនាំចេញទៅប្រទេសវៀតណាមការរួមមាន កៅស៊ូនិងគ្រាប់ធញ្ញជាតិ។
សូមជម្រាបថាបើតាមរបាយការណ៍ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថាចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៥ ការនាំចេញរបស់កម្ពុជាបានកើនឡើង ៩.៨% ដល់ ៦.៨៧ ពាន់លានដុល្លារ៕
អត្ថបទដោយ៖ ពីង ជូអេង