បច្ចុប្បន្នបញ្ហាសង្រ្គាមរវាងប្រទេសអ៊ីស្រាអែលនិងប្រទេសអ៊ឺរ៉ង់កំពុងតែឡើងកម្ដៅពិតមែនប៉ុន្ដែត្រូវអ្នកជំនាញនៅធនាគារBank of America លើកឡើងថាបញ្ហាសង្រ្គាមនេះមិនមែនជាកត្តាធំដែលធ្វើឲ្យតម្លៃហាងឆេងមាសហក់ឡើងឡើយ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kitco លោក Michael Widmer អ្នកវិភាគនៅធនាគារ Bank of America បានឲ្យដឹងថាហាងឆេងមាសអាចនឹងស្ថិតនៅលើផ្លូវឆ្ពោះទៅរកតម្លៃ៤០០០ដុល្លារក្នុងមួយអោនដែលស្មើនឹង៤៨១៩ដុល្លារមួយតម្លឹងឬ៤៨១ដុល្លារក្នុងមួយជី។
លោកបានបន្តទៀតថា បញ្ហានៃភាពតានតឹងនៃភូមិសាស្រ្តនយោបាយនិងបញ្ហាសង្រ្គាមមិនមែនជាកត្តាដែលរុញតម្លៃមាសឲ្យបំបែបកំណត់ត្រាតម្លៃខ្ពស់នោះទេ ប៉ុន្ដែកត្តាដែលធ្វើឲ្យមាសអាចឡើងថ្លៃគឺបញ្ហាបំណុលរបស់សហរដ្ឋអាមេរិក។
ជាក់ស្ដែងបំណុលជាតិរបស់អាមេរិកបានឡើងដល់ជាង៣៦ពាន់ពាន់លានដុល្លារ ហើយការកើនឡើងនេះធ្វើឲ្យអាមេរិកនឹងកាន់តែបញ្ហាធំគឺចំណាយច្រើនជាងចំណូល ពោលគឺចំណាយច្រើនជាងចំណូលនឹងកើនឡើងដល់ខ្ទង់ពាន់ពាន់លានដុល្លារ។
ក្រៅពីនេះ ការចុះខ្សោយនៃប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកក៏ជាកត្តារួមផ្សំដែលរុញតម្លៃមាសឲ្យហក់ឡើងផងដែរ។ ហើយលោក Michael Widmer បានព្យាករថាមាសអាចនឹងហក់ឡើងដល់៤០០០ដុល្លារក្នុងមួយអោននៅក្នុងរយៈពេល១២ខែទៀត។
គួរបញ្ជាក់ផងដែរថាគិតថ្ងៃអង្គារនេះហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃចំនួន១៧ដុល្លារដោយតម្លៃមាសបច្ចុប្បន្នគឺ៣៣៨១ដុល្លារក្នុងមួយតម្លៃដែលស្មើនឹង៤០៧៣ដុល្លារមួយតម្លឹងឬ៤០៧ដុល្លារក្នុងមួយជី៕