រឿងដែលមិនគួរឲ្យជឿតែវាកំពុងតែកើតមានចំពោះអាមេរិកដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកនោះគឺឆ្នាំ២០២៣នេះបំណុលអាមេរិកឡើងដល់ពិដាន ហើយរតនាគារអាមរិកបានព្រមានថាបើអាមេរិកមិនអាចដំឡើងពិដានបំណុលដើម្បីអាចខ្ចីលុយគេមកប្រើការទេនោះអាមេរិកនឹងអស់សាច់លុយក្នុងដៃសម្រាប់ចំណាយសេវាធាធារណៈនៅដើមខែមិថុនាឆ្នាំ២០២៣នេះមិនខាន។
យោងតាមការចុះផ្សាររបស់ CNBC លោកស្រី Janet Yellen ប្រធានរតនាគាររបស់សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីសប្ដាហ៍មុនថារដ្ឋាភិបាលរបស់អាមេរិកនឹងមានលុយសម្រាប់ចំណាយលើសេវាសាធារណៈផ្សេងៗដូចជាប្រាក់ខែបុគ្គលិករដ្ឋ គ្រូបង្រៀន ប៉ូលីស ទាហាននិងចំណាយសាធារណៈផ្សេងៗទៀតបានត្រឹមថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៣នេះប៉ុណ្ណោះ ហើយបើអាមេរិកមិនអាចដំឡើងពិដានបំណុលទេនោះអាមេរិកនឹងអស់លុយសម្រាប់ចំណាយតែម្ដង។
តាមពិតទៅលោកស្រី Janet Yellen បានព្រមានពីបញ្ហាអស់លុយរបស់រដ្ឋាភិបាលអាមេរិកកាលពីប៉ុន្មានខែមុនមកម្ល៉េះបន្ទាប់ពីពិដានបំណុល( Debt ceiling) របស់អាមេរិកឡើងដល់ពិដានពោលគឺបំណុលអាមេរិកឡើងដល់៣១.៤ពាន់ពាន់លានដុល្លារ ដែលមានន័យថាអាមេរិកមិនអាចខ្ចីលុយគេដើម្បីយកមកប្រើការបានទេបើមិនអាចដំឡើងពិដានបំណុល។ ហើយការដំឡើងពិដានបំណុលនេះទៀតសោតមិនមែនរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោក Joe Biden ចេះតែដំឡើងតាមចិត្តបានដែរបើមិនមានការយល់ព្រមពីបក្សសាធារណៈរដ្ឋដែលជាបក្សប្រឆាំង។
បើតាមអ្នកជំនាញបានព្រមានថាប្រសិនជាអាមេរិកមិនអាចដំឡើងពិដានបំណុលទេនោះ អាមេរិកមិនអាចខ្ចីលុយដើម្បីបើកប្រាក់ខែបុគ្គលិករដ្ឋនិងសេវាសាធារណៈឡើយ។ ត្រង់នេះនឹងធ្វើឲ្យអាមេរិកធ្លាក់ចូលវិបត្តិហើយអត្រាអ្នកអត់ការងារធ្វើនឹងកើនឡើងយ៉ាងគំហុក។ លើសពីនេះផ្សារហ៊ុននឹងដាំក្បាលចុះអាមេរិកធ្លាក់ចូលវិបត្តិហើយអាចធ្វើឲ្យពិភពលោកធ្លាក់ចូលវិបត្តិដូចគ្នា។
យ៉ាងណាមិញជុំវិញបញ្ហាបំណុលអាមេរិកឡើងដល់ពិដាននេះ លោក Joe Biden ប្រធានាធិបតីអាមេរិបានចរចារជាមួយលោក Kevin McCarthy ដែលជាតំណាងខាងបក្សសាធារណៈរដ្ឋដើម្បីឈានដល់ការយល់ព្រមពីបក្សសាធារណៈក្នុងការដំឡើងពិដានបំណុលដូច្នេះអាមេរិកនឹងមានលទ្ធភាពអាចបន្តខ្ចីលុយសម្រាប់យកមកផ្គត់ផ្គង់ការចំណាយលើសេវាសាធារណៈផ្សេងៗ។
គិតត្រឹមថ្ងៃនេះកិច្ចចរចារលើកិច្ចព្រមព្រៀងដំឡើងពិដានបំណុលរវាងលោក Joe Biden និងបក្សប្រឆាំងបានឈានដល់កិច្ចព្រមព្រៀងហើយដោយសម្រេចថាការកំណត់ពិដានបំណុលនឹងពន្យាររហូតដល់ឆ្នាំ២០២៥ខាងមុខនេះដើម្បីបញ្ចៀសបញ្ហាខ្វះខាតសាច់ប្រាក់សម្រាប់រដ្ឋាភិបាលប្រើប្រាស់ក្នុងការចំណាយសាធារណៈ ហើយបក្សទាំង២គឺបក្សប្រឆាំងសាធារណៈរដ្ឋនិងបក្សប្រជាធិបតេយ្យដែលជាបក្សកាន់អំណាចនឹងធ្វើការបោះឆ្នោតក្នុងសភាដើម្បីឈានដល់ការសម្រេចជាផ្លូវការ៕