យោងតាមការចុះផ្សាយពីមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំង ដូចខាងក្រោមៈ
១-សាងសង់ស្ពានអាកាសនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)
២-សាងសង់ស្ពានអាកាសនៅទីតាំងស្តុបសុិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្ស៊ី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១ ។
សូមជម្រាបថា បច្ចុប្បន្ននេះរាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៦ រួចមកហើយ ដែលកំពុងដាក់ឲ្យប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៧មករា, ស្ពានអាកាស៥មករា(តិចណូ), ស្ពានអាកាសផ្សារដីហ៊ុយ និងស្ពានអាកាសចោមចៅ។ ហើយបច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញក៏កំពុងធ្វើការសាងសង់គម្រោងស្ពានអាកាសថ្មី១ទៀតផងដែរ នោះគឺគម្រោងស្ពានអាកាសឫស្សីកែវ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥៕
អត្ថបទ៖ ឌឿក ស្រីនុត រតនៈ