វ័យខ្ទង់២០ឆ្នាំ ជាវ័យកំពុងពេញលូតលាស់ វ័យមិនសូវមានបន្ទុក មិនទាន់មានគ្រួសារ មានឱកាសក្នុងការអភិវឌ្ឍន៍ខ្លួន និងកសាងគ្រឹះជីវិតសម្រាប់អនាគត នៅវ័យក្រោយ៣០ឆ្នាំ។ ដូច្នេះហើយអ្នករស់នៅក្នុងវ័យមិនទាន់ដល់៣០ គួរណាតែប្រញាប់ធ្វើរឿងចាំបាច់ឱ្យបានច្រើន ដើម្បីកុំឱ្យមានបញ្ហានៅពេលអាយុច្រើន ចង់បកក្រោយកែកំហុសក៏បកមិនបាន។
ពាក់ព័ន្ធនឹងរឿងនេះដែរ Business Cambodia សូមណែនាំនូវរឿងសំខាន់៥ ដែលអ្នកអាយុក្រោម៣០ គួរសន្សំឱ្យបាន បើចង់បង្កើតគ្រួសារសាងជីវិតធូរធារនៅថ្ងៃខាងមុខ៖
១. វិនិយោគលើខ្លួនឯង៖ រឿងដែលសំខាន់បំផុតនៅក្នុងវ័យនេះ គឺការវិនិយោគលើចំណេះដឹង រៀនជំនាញថ្មីៗ។ វ័យក្រោម៣០ មិនចាំបាច់សល់លុយរាប់ពាន់ដុល្លារក៏បាន សំខាន់ឱ្យតែមានលទ្ធភាពរស់នៅបាន មានការងារសមល្មមធ្វើគ្រាន់បានប្រាក់ខែយកទុករៀន។ រៀននៅសាលាផង រៀននៅកន្លែងធ្វើការផង រៀនពីមនុស្សផង រៀនពីសង្គមផង។ និយាយរួមត្រូវចេះសង្កេត ចេះវិភាគ និងចេះពិចារណា រៀន និងអភិវឌ្ឍន៍សមត្ថភាពគ្រប់ពេលវេលា។
២. សន្សំ៖ ទាន់នៅខ្លួនមួយ ឬបន្ទុកនៅស្រាលមិនទាន់មានគ្រួសារផ្ទាល់ខ្លួន អ្នកនៅក្នុងវ័យនេះគួរតែចាប់ផ្ដើមរៀនសន្សំលុយ។ ការសន្សំមិនពិបាកលើសពីសមត្ថភាពរបស់យើងឡើយ គ្រាន់តែឆ្លៀតដកលុយដែលរកបានសន្សំទុកមួយឡែក។ ឧទាហរណ៍ថា ក្នុងមួយខែអ្នកអាចរកចំណូលបាន ៥០០ដុល្លារ ពេលបើកលុយបាន អ្នកគ្រាន់តែដកទុក ៥០ដុល្លារទៅក្នុងកុងសន្សំ ឬដាក់កូនជ្រូក (ដាក់កន្លែងណាដែលពិបាកដក)។ បន្ទាប់មកយកលុយ ៤៥០ដុល្លារដែលនៅសល់ រៀបចំចាត់ចែង ទៅលើការចំណាយចាំបាច់ប្រចាំខែ សល់បន្តិចបន្តួចដាក់ចូលកន្លែងសន្សំ។
វ័យនេះមិនបាច់មានលុយចាយច្រើនពេញដៃក៏បានដែរ សុខចិត្តចាយក្បិតក្បៀត រៀនខ្វះមុខខ្វះក្រោយខ្លះក៏បាន ឱ្យតែមានលុយសន្សំ ១០-២០ ដុល្លាររៀងរាល់ខែ ភ្លេចៗខ្លួនមួយឆ្នាំ ពីរឆ្នាំកន្លងនៅយើងនឹងមានលុយសល់នឹងខ្លួនច្រើន។ ប្រសើរជាងមានលុយចាយពេញៗដៃ ដល់វ័យកៀក៣០ បែរជាគ្មានលុយជាប់ខ្លួនសូម្បី ១០០ដុល្លារ។
៣. វិនិយោគ៖ នៅពេលដែលវិនិយោគលើខ្លួនឯងបានចំណេះជំនាញសមល្មមប្រើការបានហើយ ក៏ដល់ពេលដែលត្រូវយកជំនាញទាំងនោះ បូកជាមួយនឹងលុយសន្សំ យកមកប្រើជាដើមទុនបង្កើតប្រភពចំណូលថ្មី ដែលគេហៅថាការវិនិយោគ។ រាល់ពេលចំណាយលុយលើការវិនិយោគ អ្នកគួរចងចាំថា ត្រូវវិនិយោគលើអ្វីដែលអ្នកមានជំនាញច្បាស់លាស់ទើបហានិភ័យទាប។
ឧទាហរណ៍ថា អ្នកមានជំនាញខាងធ្វើនំប៉័ង គួរតែវិនិយោគលើការធ្វើនំប៉័ង មិនមែនចេះតែធ្វើនំប៉័ងសោះបែរជាបើហាងលក់កាហ្វេ ទាំងដែលមិនចេះឆុង ឬមិនចេះសូម្បីតែផឹកកាហ្វេទៅវិញ។ ការវិនិយោគខុសជំនាញ អាចធ្វើឱ្យអ្នកពិបាក ទោះបីមានលុយបើកហាងក៏ដោយ ជួលបុគ្គលិកដាក់ពេញៗក៏ដោយ បើអ្នកជាម្ចាស់ដែលគ្មានចំណេះ គ្មានជំនាញ អ្នកគ្រប់គ្រងគេមិនកើតឡើយ។
៤. ថែសុខភាព៖ មិនមែនចាំដល់វ័យ៥០ឆ្នាំ បានទៅពិនិត្យសុខភាពនៅពេទ្យរាល់ខែនោះទេ។ វាគួរតែចាប់ផ្ដើមពីពេលនេះ ពីពេលដែលយើងនៅមានកម្លាំងមាំមួនទៅ។ មិនបាច់ទៅពេទ្យមួយខែម្ដងក៏បាន គ្រាន់តែព្យាយាមញ៉ាំរបស់ល្អៗ យកចិត្តទុកដាក់ជាមួយសុខភាពផ្លូវកាយផ្លូវចិត្ត រៀនរស់នៅក្រៅសម្ពាធ គិតតែរឿងវិជ្ជមាន ហើយឆ្លៀតពេលទៅពិនិត្យសុខភាពជាមួយគ្រូពេទ្យប្រចាំខ្លួន ៣ខែម្ដង ដើម្បីប្រាកដថាសុខភាពកាយនិងចិត្តមិនមានបញ្ហា។
៥. ទំនាក់ទំនង៖ ចំណុចចុងក្រោយនេះជារឿងសំខាន់ណាស់ វ័យក្រោម៣០ អាចរាប់បានថាជាវ័យក្មេងខ្ចី ហើយក៏ជាវ័យដែលមានឱកាសបង្កើតទំនាក់ទំនងល្អៗ និងសាកល្បងរាប់អានមនុស្សថ្មីៗផងដែរ។ ឱ្យតែយើងចេះដាក់ខ្លួន ចូលចិត្តរៀនសូត្រអ្វីថ្មីៗ ចេះគោរពឱ្យតម្លៃមនុស្សជំវិញខ្លួន មិនខ្វះទេអ្នកដែលស្រលាញ់រាប់អាន។ ឆ្លៀតឱកាសនេះត្រូវរឹតចំណងមិត្តភាពល្អៗជាមួយមនុស្សដែលមានគុណតម្លៃ មនុស្សដែលមានចំណេះជំនាញល្អៗ បើទោះបីជាពួកគាត់មានវ័យក្មេងជាងឬចាស់ជាងយើងឡើយ យើងសុទ្ធតែអាចរៀនពីគាត់បានទាំងអស់។
ការសន្សំទំនាក់ទំនងមិនមែនរាប់គេដើម្បីតែបានផលប្រយោជន៍ពីគេឡើយ ប៉ុន្តែធម្មជាតិនៃមនុស្សក្នុងសង្គមនេះ គឺត្រូវការពឹងពាក់គ្នាទៅវិញទៅមក។ ប្រសិនបើសន្សំមនុស្សល្អៗបានច្រើន ថ្ងៃមុខចង់ធ្វើអ្វីមួយ ឬចង់ចេញរកស៊ីខ្លួនឯង មិនខ្វះឡើយអ្នកគាំទ្រ និងអ្នកមានជំនាញល្អៗចាំជួយចូកជួយចែវឱ្យឆាប់ដល់ត្រើយ។
ចាប់ពីថ្ងៃនេះទៅពិនិត្យមើលគុណភាពមនុស្សនៅជុំវិញខ្លួនឱ្យល្អណា រក្សាគម្លាតពីមនុស្សអវិជ្ជមាន ហ៊ុំព័ន្ធខ្លួនឯងដោយអ្នកមានចំណេះជំនាញ មិនយូរទេអ្នកនឹងក្លាយជាអ្នកពូកែដូចគេដែរ៕