សមាធិគឺជាលំហាត់ប្រាណផ្លូវចិត្ត ផ្តោតទៅលើការសម្រួមរាងកាយ ខ្យល់ដង្ហើមដកចេញចូល សមាធិជាវិធីអភិវឌ្ឍន៍ការឆ្លុះបញ្ចាំងខ្លួនឯងនិងចម្រើនបញ្ញាញាណ។ ការសមាធិត្រូវបានអង្គការសុខភាពពិភពលោក WHO ទទួលស្គាល់ថាជាលំហាត់ផ្លូវចិត្ត មិនមែនជានិន្នាការសាសនានោះឡើយ។
ក្នុងនោះបុគ្គលល្បីៗ មហាសេដ្ឋីនិងមេដឹកនាំចំនួន៥រូបនេះ ក៏តែងតែមានទម្លាប់សមាធិ ដើម្បីដកឃ្លាសម្រាកពីការងារមមាញឹក បញ្ហាស្រ្តេស បង្កើនបញ្ញាស្រាយបញ្ហា ដឹកនាំក្រុមហ៊ុនឱ្យជោគជ័យ។
១. អតីតប្រធានាធិបតីអាមេរិកទី៤៤ លោក Barak Obama ៖ ក្នុងកាសែតCNBC ចុះផ្សាយឆ្នាំ២០២៣ គេបានបញ្ជាក់ថា លោកអូប៉ាម៉ាធ្លាប់ជួបបញ្ហា ធ្លាក់ទឹកចិត្ដនៅពេលជួបបញ្ហាជាច្រើន ក្នុងការដឹកនាំនៃអាណត្តិរបស់គាត់ ដូចជានិន្នាការនៃការប្រែប្រួលអាកាសធាតុ ច្បាប់ប្រឆាំងការរំលូតកូន និងច្បាប់ប្រឆាំងនឹងការស្រឡាញ់ភេទដូចគ្នាជាដើម។
ប៉ុន្តែការណ៍នេះត្រូវបានដោះស្រាយវិញដោយសារលោកបានអនុវត្តការយល់ដឹងអំពីទស្សនៈផ្សេងគ្នា ដោយសតិសម្បជញ្ជៈ។ នៅក្នុងសៀវភៅនិពន្ធដោយលោកផ្ទាល់ ដែលមានចំណងថា “The Promise Land” លោកបានបញ្ជាក់ថាការសមាធិគឺជាទម្លាប់មួយក្នុងជីវិតរបស់លោក ដោយការនៅជាមួយធម្មជាតិ ស្ងប់ស្ងាត់ឆ្លុះបញ្ចុះចិត្ត ដើម្បីជម្រះបញ្ហានិងការសង្ស័យលើខ្លួនឯង។
២. ផលិតករទូរទស្សន៍ លោកស្រី Oprah Winfey ៖ មិនត្រឹមតែចំណាយពេល២ដងក្នុងមួយថ្ងៃ ម្តង២០នាទីផ្តោតលើខ្យល់ដង្ហើមចេញចូលនោះទេ ពិធីករលំដាប់សេដ្ឋីរូបនេះ ក៏ណែនាំដៃគូអាជីវកម្មនិងអ្នកទស្សនាប្រព័ន្ធផ្សព្វផ្សាយរាប់លាននាក់ឱ្យធ្វើសមាធិដែរ។
ដោយនៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ លោកស្រីក៏បានលើកទឹកចិត្ត ដឹកនាំបុគ្គលិកឱ្យធ្វើសមាធិ ពីរដងក្នុងមួយថ្ងៃនៅកន្លែងធ្វើការដែរ ដើម្បីរក្សាការផ្តោតអារម្មណ៍ ពង្រឹងសុខុមាលភាពផ្លូវចិត្ត និងការធ្វើការងារជាក្រុមកាត់បន្ថយទំនាស់ផងដែរ។
៣. វិនិយោគិន លោក Ray Dalio ៖ ស្ថាបនិកនៃមូលនិធិការពារហានិភ័យធំជាងគេបំផុតនៅលើពិភពលោក Bridgewater Associates សេដ្ឋី Ray Dalio បានឱ្យដឹងសមាធិគឺធំជាងអ្វីទាំងអស់នៅក្នុងជីវិតលោក វាជាធាតុផ្សំដ៏ធំបំផុតនៃភាពជោគជ័យដែលលោកមាន ដែលបានផ្តល់ឱ្យលោកនូវភាពស្ងប់ស្ងាត់ និងភាពច្នៃប្រឌិត។
ជាអ្នកសរសេរសៀវភៅសេដ្ឋកិច្ចជាច្រើនក្បាលផងនោះ Ray Dalio បានប្រាប់កាសែតអាមេរិកមួយថា លោកតែងអនុវត្តសមាធិរៀងរាល់ថ្ងៃ រយៈពេល២០នាទី ដោយផ្តោតលើខ្យល់ដង្ហើមចេញចូល។
៤. អនុប្រធានធិបតី លោកស្រី Kamala Harris ៖ ជំនួសឱ្យការសមាធិសម្រួមកាយ ផ្តោតលើខ្យល់ដង្ហើមចេញចូល អនុប្រធានាធិបតីនៃរដ្ឋាភិបាល Jeo Biden លោកស្រី Kamala Harris បានអនុវត្តសមាធិដោយការធ្វើលំហាត់ប្រាណ។
នៅក្នុងកម្មវិធី Podcast អំពីភាពជាអ្នកដឹកនាំ "Club Shay Shay" លោកស្រីបានលើកឡើងថា "ខ្ញុំចំណាយពេលលើការងារប្រហែលជា១៤ទៅ១៥ម៉ោងក្នុង១ថ្ងៃ ដូច្នេះខ្ញុំតែងហាត់ប្រាណដោយធាក់កង់ម៉ាស៊ីន៣០នាទីរាល់ព្រឹកមុនចេញទៅធ្វើការ ព្រោះនោះជាពេលវេលាសមាធិតែមួយគត់នៃមួយថ្ងៃៗដែលខ្ញុំពិតជាមាន សម្រាប់ផ្តល់ឱ្យចិត្ត រូបកាយនិងវិញ្ញាណរបស់ខ្ញុំ"។
៥. សហស្ថាបនិកអតីតកម្មវិធី Twitter លោក Jack Dorsey ៖ ជាអ្នកអភិវឌ្ឍន៍កម្មវិធីបច្ចេកវិទ្យាសញ្ចាតិអាមេរិក វ័យ៤៨ឆ្នាំ ដែលបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្រ្ត ពីសាកលវិទ្យាល័យ Missouri និងសាកលវិទ្យាល័យ New York ។
នៅឆ្នាំ២០១៥ សារព័ត៌មាន Business Insider បានចុះផ្សាយថាសហស្ថាបនិក Twitter មានចំណូលចិត្តអនុវត្តសមាធិដោយការធ្វើវិបស្សនា តាមបច្ចេកទេសព្រះពុទ្ធសាសនា ដែលមានរយៈពេលចន្លោះពេល១០ថ្ងៃកាត់ពីផ្តាច់ការរំខានផ្សេងៗ នៅថ្ងៃខួបកំណើតរាល់ឆ្នាំ។
មួយវិញទៀតនៅពេលលោក នៅកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Twitter លោកក៏អនុវត្តសមាធិរៀងរាល់ព្រឹក រយៈពេល៣០នាទីដែរ ដោយវាបានជួយលោកឱ្យទទួលបានការផ្តោតអារម្មណ៍ខ្ពស់ នៅកន្លែងធ្វើកានិងមានតុល្យភាពផ្លូវចិត្ត។
យ៉ាងណាមិញបើផ្អែកតាមការសិក្សារបស់បណ្ណាល័យជាតិវេជ្ជសាស្ត្រ NLM របស់សហរដ្ឋអាមេរិកឆ្នាំ២០២៣ បានបង្ហាញថាសមាធិមានច្រើនប្រភេទ ត្រូវបានទទួលស្គាល់អត្ថប្រយោជន៍ដោយវិទ្យាសាស្រ្តនិងវិជ្ជសាស្រ្ត ដែលមនុស្សគ្រប់វ័យអាចធ្វើសមាធិបាន ដោយមិនប្រកាន់ជំនឿឬសាសនានោះឡើយ៕
អត្ថបទដោយ៖ ពីង ជូអេង