កាលពីថ្មីៗនេះ បងប្អូនប្រាកដជាដឹងហើយថា កញ្ញា ជូរី ល្អហួស បានរាំរបាំអប្សរានៅលើភ្នំទឹកកកក្នុងប្រទេសចិន បើទោះជាអាកាសធាតុត្រជាក់ខ្លាំងយ៉ាងណាក៏ដោយក៏យុវតី១រូបនេះនៅតែរាំបានយ៉ាងល្អនិងស្រស់ស្អាតខ្លាំងមែនទែនរហូតធ្វើឱ្យប្រជាជនខ្មែរមានអារម្មណ៍មោទនភាពយ៉ាងខ្លាំងផងដែរ។
នៅក្នុងនោះដែរ ចំពោះការរាំរបាំអប្សរានេះគឺកញ្ញាល្អហួស បានបង្ហាញនៅទីក្រុង Harbin នៅប្រទេសចិនជាមួយនឹងសីតុណ្ហភាព -២០ ដោយការរាំរបាំនេះគឺមានភាពល្បីល្បាញយ៉ាងខ្លាំង ព្រមទាំងអាចទាក់ចិត្តប្រជាជនចិនឱ្យបានឃើញផ្ទាល់ភ្នែកអំពីរបាំអប្សរារបស់កម្ពុជាកាន់តែច្បាស់ជាងមុនដែរ។
ជាមួយគ្នានោះដែរ ក្រោយពីកញ្ញាបានបង្ហាញរបាំអប្សរានេះហើយមក មិនមែនតែប្រជាពលរដ្ឋខ្មែរទេដែលនាំគ្នាសរសើរព្រោងព្រាតសូម្បីអ្នកដែលបានឃើញផ្ទាល់ ក៏ភ្ញាក់ផ្អើលនៅរបាំអប្សរាដ៏សែនអស្ចារ្យរបស់កញ្ញាដែរ រហូតដល់សារព័ត៌មាននៅបរទេសគឺសារព័ត៌មាន China Daily បានចុះផ្សាយថា “ អ្នករបាំកម្ពុជាម្នាក់ដែលមានឈ្មោះថា កញ្ញាល្អហួស បានគ្រងក្នុងឈុតពណ៌មាសដ៏ស្រស់បំព្រង ហើយកញ្ញាមានភាពក្លាហានយ៉ាងខ្លាំង ក្នុងការសម្តែងរបាំអប្សរាក្នុងអាកាសធាតុដ៏ត្រជាក់ខ្លាំង ដែលរបាំនេះគឺជារបាំប្រពៃណីមួយរបស់កម្ពុជា ហើយកញ្ញារាំបានយ៉ាងស្រស់ស្អាតនៅមុខប្រាសាទបាយ័នដែលគេធ្វើចម្លាក់ពីផ្ទាំងទឹកកកផងដែរ”។
គួរបញ្ជាក់ថា នេះពិតជារឿងដ៏គួរឱ្យមោទកភាពខ្លាំងមែនទែនសម្រាប់ប្រជាជនខ្មែរ ព្រោះនាពេលនេះកញ្ញាល្អហួស ត្រូវបានប្រទេសចិនអញ្ចើញផ្ទាល់ដើម្បីទៅបង្ហាញរបាំអប្សរានៅប្រទេសចិនដោយផ្ទាល់តែម្តង ហើយការបង្ហាញខ្លួននេះគឺនឹងធ្វើឱ្យពិភពលោកស្គាល់អំពីកម្ពុជា ជាពិសេសគឺវប្បធម៌របស់ខ្មែរកាន់តែច្បាស់ផងដែរ៕