នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានផ្ដាស់ប្ដូរមុខមាត់យ៉ាងខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រុកអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវថ្នល់ ស្ពាន ផ្លូវដែក កាអាកាសយានដ្ឋានជាដើម។ ក្នុងការសម្រាប់ការបង្កើតក្រុងថ្មីបន្ថែមទៀតក៏មានមិនតិចនោះដែរ។ ជាក់ស្ដែងថ្មីៗកន្លងទៅរាជរដ្ឋាភិបាលក៏ទើបនឹងប្រកាសអភិវឌ្ឍន៍ក្រុងថ្មី២បន្ថែមទៀត ដែលស្ថិតនៅខេត្ដកណ្ដាល ១ និងនៅខេត្ដសៀមរាប ១។
១. ក្រុងតំបន់ល្វាឯម
កាលពីថ្ងៃទី៣១ ខែសីហា កន្លងទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះជាណាចក្រកម្ពុជាបានប្រកាសឲ្យអភិវឌ្ឍនតំបន់ល្វាឯម ឲ្យក្លាយទៅជាក្រុងថ្មីមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ដកណ្ដាល។ ហើយការបង្កើតក្រុងថ្មីនេះផងដែរ គឺដើម្បីអាចឲ្យរដ្ឋបាលខេត្ដកណ្ដាលមានលទ្ធភាពក្នុងទទួលបានចំណូលពីពន្ធអចលនទ្រព្យនៅទីក្រុងថ្មីនេះ យកមកអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានខេត្ដរបស់ខ្លួន។
ថ្លែងនៅក្នុងពិធី បើកការដ្ឋានសាងសង់ស្ពានអាកាសនៅរាជធានីភ្នំពេញសម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា “កន្លងទៅឲ្យសិក្សាបង្កើតតំបន់ល្វាឯមឲ្យទៅជាក្រុងល្វាឯម កំពុងតែសិក្សា”។ សម្ដេចបន្ដមានប្រសាសន៍បន្ដថា “ថា “ខ្ញុំបានបញ្ជាក់ជាមួយសម្ដេចក្រឡាហោម ស ខេង ឲ្យបានច្បាស់ ថាអត់ទេ លើកនេះមិនសិក្សាហើយភ្ជាប់ឲ្យភ្នំពេញទេ។ លើកនេះសិក្សារួចហើយត្រូវបង្កើតក្រុង តែក្រុងចំណុះឲ្យខេត្ដកណ្ដាលអត់មានឲ្យភ្នំពេញទៀតនោះទេ”។
២. ក្រុងរុនតាឯក
តំបន់រុនតាឯកជាតំបន់មួយ ដែលត្រូវបានរាជរដ្ឋាភិបាលរៀបចំសម្រាប់ឲ្យពលរដ្ឋដែលផ្ដាស់ប្ដូរមកពីតំបន់អង្គរមករស់នៅ។ ហើយនៅក្នុងនោះរាជរដ្ឋាភិបាលក៏បានបង្កើតពីការអភិវឌ្ឍន៍តំបន់នេះ ឲ្យទៅជាក្រុងតូចថ្មីមួយទៀត នៅក្នុងខេត្ដសៀមរាបផងដែរ។
ជាស្ដែងនៅក្នុងពិធីនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីបានបញ្ជាឲ្យតប្រព័ន្ធទឹក សាងសង់សាលារៀន សាងសង់ផ្លូវប្រវែង ១៤០ គីឡូវម៉ែត្រ តបណ្ដាញអគ្គិសនី មកកាន់តំបន់រុនតាឯកនេះផងដែរ។
ថ្លែងក្នុងពិធីខាងលើសម្ដេចតេជោនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បញ្ជាក់ថា “ឥឡូវខ្ញុំសម្រេច គម្រោងរបស់យើង ទឹកពីសៀមរាបតទៅដល់ព្រលានយន្តហោះថ្មី រុញមកដល់រុនតាឯ១៧គីឡូម៉េត្រ ដើម្បីធ្វើរុនតាឯកឱ្យក្លាយទៅជាកូនក្រុងថ្ងៃក្រោយ ដាក់ក្រុងរុនតាឯក”៕
អទ្ថបទ៖ កឹម ប៊ុនធឿន