បច្ចុប្បន្ននៅរាជធានីភ្នំពេញបានគម្រោងធំៗជាច្រើនបានកំពុងដំណើរការសាងសង់ ខណៈគម្រោងខ្លះទៀតបានកំពុងសិក្សាជាបន្ដបន្ទាប់ផងដែរ។ ជាមួយគ្នានេះដែរយើងឃើញថា នៅភាគខាងត្បូងរាជធានីភ្នំពេញ គឺមានគម្រោងធំ ២ គឺស្ពានឆ្លងកាត់ទន្លេបាសាក់ ១ និងផ្លូវរថភ្លើង ១ ត្រៀមលេចរូបរាងឡើងនាពេលខាងមុខផងដែរ។
១. ផ្លូវរថភ្លើង
បច្ចុប្បន្នេះ ក្រុមហ៊ុនចិន China Metro បានកំពុងសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលថ្មីមួយ ដែលតភ្ជាប់ពីព្រលានយន្ដហោះតាខ្មៅ (ព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ ឬភ្នំពេញថ្មី) មកកាន់រាធានីភ្នំពេញ។
គម្រោងសាងសង់ផ្លូវរថភ្លើងថ្មីនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលធ្វើដំណើរដំណើរមកព្រលានខាងលើនៅពេលបើកដំណើរការនៅដើមឆ្នាំ២០២៥ ខាងមុខ។
២. ស្ពានឆ្លងកាត់ទន្លេបាសាក់
ដើម្បីសម្រួលដល់ការកកស្ទះចរាចរនៅតំបន់ច្បារអំពៅ និងក្បាលថ្នល់ កាលពីពេលកន្លងទៅរាជរដ្ឋាភិបាលបានធ្វើការសិក្សាគម្រោងសាងសង់ស្ពានថ្មី១ទៀតតភ្ជាប់ពីតំបន់ព្រែកប្រា មកកាន់ចាក់អង្រែក្រោមដោយកាត់ទន្លេបាសាក់។ ខណៈកាលពីខែកញ្ញា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានធ្វើការចុះកិច្ចព្រមព្រៀងលើឥណទានសម្បទាន សម្រាប់ គម្រោងសាងសង់ស្ពាននេះរួចរាល់ផងដែរ។
បើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលកន្លងទៅបានឲ្យដឹងថា គម្រោងស្ពាននេះត្រូវបានសិក្សារួចរាល់ហើយ ដោយនឹងត្រូវសាងសង់ជាស្ពានថ្មថ្មី មានប្រវែង ៨៤៥ម៉ែត្រ បែងចែកដល់ទៅ៤គន្លង (២ទៅ-២មក) ដើម្បីកុំឱ្យស្ទះចរាចរណ៍លើស្ពាន។ ហើយគម្រោងស្ពានឆ្លងទន្លេបាសាក់នេះ គ្រោងនឹងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក៕