កាលពីថ្មីៗនេះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Whitworths ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅចក្រភពអង់គ្លេសឯកទេសក្នុងការនាំចូល និងចែកចាយ គ្រាប់ធញ្ញជាតិ និងផ្លែឈើសម្ងួត ក្នុងគោលបំណងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារជំរុញការនាំចេញ។
នៅក្នុងជំនួបនេះ ក្រុមហ៊ុន Whitworths បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទទួលទិញផលិតផលកសិ-កែច្នៃពីកម្ពុជា ដោយផ្តោតសំខាន់លើផលិតផលគ្រាប់ស្វាយចន្ទី និងផ្លែឈើស្ងួត ដើម្បីចែកចាយនៅក្នុងទីផ្សារចក្រភពអង់គ្លេស។
ជាមួយគ្នានោះដែរ លោក Jesse McCaul ដែលជាទីប្រឹក្សាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នៅក្នុងដំណើរទស្សនៈកិច្ចនៅកម្ពុជាលើកនេះ ក្រុមហ៊ុន Whitworths មានគោលបំណងធំៗចំនួន២ ដោយទីមួយគឺចង់ទិញគ្រាប់ស្វាយចន្ទីរ ចំណែកទី២ គឺចង់ទិញដំណាប់ស្វាយពីកម្ពុជា។
ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់លក្ខខណ្ឌមួយចំនួននៃការទិញគ្រាប់ស្វាយចន្ទីរពីខ្មែរទៅអង់គ្លេសនេះ គឺមានលក្ខខណ្ឌតឹងរឹងបន្តិចហើយពោលគឺឆ្លងកាត់ការត្រួតពិនិត្យច្រើន ហើយនៅពេលនេះក្រុមហ៊ុន Whitworths ក៏បានចាប់អារម្មណ៍ចង់ទិញគ្រាប់ស្វាយចន្ទីរនៅក្នុងខេត្តស្ទឹងត្រែងដែលជាខេត្តដ៏មានសក្តានុពលជាងគេផងដែរ។
ចុះបងប្អូនមានដឹងទេ ថាតើមូលហេតុអ្វីបានជាគ្រាប់ស្វាយចន្ទីរបស់ខ្មែរយើងតែងតែមានក្រុមហ៊ុនក្រៅប្រទេសចាប់អារម្មណ៍ចង់នាំចេញច្រើន ដោយសារតែគ្រាប់ស្វាយចន្ទីររបស់ខ្មែរយើងគឺមានរសជាតិឆ្ងាញ់ប្លែកពីគេ មួយវិញទៀតគ្រាប់ស្វាយចន្ទីរខ្មែរយើងមានគុណភាពខ្ពស់ហើយក៏ជាអាហារជួយទៅដល់សុខភាព ដូច្នេះហើយទើបមានបរទេសចាប់អារម្មណ៍ចង់ទិញច្រើន។
គួរជម្រាបថា ក្រុមហ៊ុន Whitworths គឺជាក្រុមហ៊ុនរបស់អង់គ្លេស ហើយក៏ជាក្រុមហ៊ុនបោះដុំគ្រាប់សណ្តែក គ្រាប់ស្វាយចន្ទីរ ដែលមានអាយុកាលជាង ១០០ឆ្នាំនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ខណៈនាពេលនេះក្រុមហ៊ុន Whitworths ក៏កំពុងចាប់អារម្មណ៍ចង់ទិញគ្រាប់ស្វាយចន្ទីនិងដំណាប់ស្វាយពីកម្ពុជាផងដែរ៕