លោក Sam Dogen គឺជាសេដ្ឋីម្នាក់និងជាអ្នកនិពន្ធសៀវភៅហិរញ្ញវត្ថុជាច្រើនក្បាលផងដែរ។ ក្លាយជាសេដ្ឋីនៅវ័យ២៨ឆ្នាំនិងឆ្លងកាត់បទពិសោធន៍ពិពន្ធសៀវភៅហិរញ្ញវត្ថុរយៈពេល១៦ឆ្នាំ លោកកត់សម្គាល់ឃើញ ខាងក្រោមនេះគឺជាទម្លាប់ធំៗ៤ដែលធ្វើឲ្យលោកនិងមនុស្សផ្សេងទៀតមានបានក្លាយជាសេដ្ឋខណៈមនុស្សធម្មតាមើលរំលង។
១. សន្សំនិងវិនិយោគជាប្រចាំ
ការសន្សំនិងវិនិយោគជាប់ជានិច្ច ជាប្រចាំធ្វើឲ្យមនុស្សអាចកសាងប្រភពចំណូល កសាងទ្រព្យសម្រាប់ជីវិត។ ត្រង់នេះលោក Sam Dogen បានលើកឡើងថាអ្នកមានគេមិនរងចាំឱកាសល្អឥតខ្ចោះទើបពួកគេវិនិយោគនោះទេ។ ជាក់ស្ដែងពេលមានវិបត្តិគឺជាឱកាសដែលពួកគាត់វិនិយោគដោយទិញដី ទិញអចលនទ្រព្យ និងទិញភាគហ៊ុនក្នុងតម្លៃធូរថ្លៃល្អ។ ជាពិសេសពេលមានវិបត្តិគឺពួកគាត់ប្រើថ្លៃដើមតិចក្នុងការវិនិយោគ ហើយពេលសេដ្ឋកិច្ចងើបឡើងវិញនោះពួកគាត់បានផលចំណេញច្រើនពីការវិនិយោគ។
ផ្ទុយទៅវិញសម្រាប់មនុស្សទូទៅ ពេលមានវិបត្តិពួកគាត់មានការភ័យខ្លាច ហើយអ្នកខ្លះចាប់ផ្ដើមលក់ទ្រព្យ លក់ហ៊ុនចេញដែលកត្តានេះធ្វើឲ្យពួកគាត់បាត់បង់ឱកាសក្នុងការកសាងទ្រព្យសម្បត្តិរយៈពេលវែង។
២. កសាងចំណូលឲ្យច្រើនប្រភព
ការពឹងលើប្រភពចំណូលតែមួយដូចជាប្រាក់ខែគឺអ្នកប្រឈមនឹងហានិភ័យផ្នែកហិរញ្ញវត្ថុគ្រប់ពេលវេលាដោយសារតែពិភពលោកមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស និងAI ចូលមកទៀតនោះការងារគឺងាយនឹងប្រឈមហានិភ័យណាស់។ ដូច្នេះបើអ្នកមានប្រភពចំណូលកាន់តែច្រើន អ្នកនឹងកាន់តែមានស្ថិរភាពហិរញ្ញវត្ថុ។
ខាងក្រោមនេះគឺជាប្រភពចំណូលសំខាន់ៗដែលអ្នកមានៗ តែងតែមានហើយក៏អាចចាប់ផ្ដើមគិតគូរកសាងបានពីឥឡីវ។
- ចំណូលពីការជួល៖ បានពីការដាក់ជួលអចលនទ្រព្យ
- ចំណូលភាគលាភ៖ បានពីការវិនិយោគលើផ្សារហ៊ុន
- ចំណូលពីរបរក្រៅម៉ោង
- ចំណូលពីការទិញបណ្ណបំណុលនិងដាក់ប្រាក់សន្សំនៅធនាគារ
- ចំណូលពីការប្រឹក្សាយោប់។
៣. គិតពីចំណេញខាត
អ្នកមានៗតែគិតពីការប្រើប្រាស់លុយឲ្យមានប្រសិទ្ធភាព ប្រើប្រាស់លុយឲ្យចំណេញហើយលុយកាន់តែកើនឡើងជាលំដាប់។ ត្រង់នេះអ្នកមានៗតែងតែដាក់អាទិភាពថាតើគួរយកលុយទៅវិនិយោគលើអ្វីទើបធ្វើឲ្យទ្រព្យពួគគាត់កើនឡើង។
ឧទាហរណ៍ជាជាងយកលុយ៦ម៉ឺនដុល្លារទៅទិញឡាន ពួកគាត់យកលុយលុយ៦ម៉ឺនដុល្លារនេះវិនិយោគលើអ្វីដែលអនាគតទៅទ្រព្យគាត់នឹងកើនឡើង។ ឧទាហរណ៍បើយក៦ម៉ឹនដុល្លារទៅវិនិយោគលើផ្សារហ៊ុនដែលបានអត្រាចំណេញប្រចាំឆ្នាំ៨% នោះ១០ឆ្នាំក្រោយលុយអ្នកនឹងកើនដល់១៣ម៉ឺនដុល្លារ។
៤. មានជឿថាខ្លួននឹងក្លាយជាអ្នកមាន
ចំពោះចំណុចទាំង៣ដែលបានរៀបរាប់លើគឺសុទ្ធតែជារឿងដែលយើងធអាចអនុវត្តបាន តែសម្រាប់ចំណុចទី៤នេះវិញគឺទាក់ទងនឹងផ្នត់គំនិតរបស់យើង។ ត្រង់នេះអ្នកត្រូវមានផ្នត់គំនិត មានជំនឿលើខ្លួនថានឹងក្លាយជាអ្នកមាន សល់លុយ សល់ទ្រព្យ។
ត្រូវចាំថាភាពខុសគ្នារវាងអ្នកមានលុយ សល់ទ្រព្យនិងអ្នកគ្មានអ្វីសោះគឺវាទាក់ទងនឹងផ្នត់គំនិតនេះឯង។ អ្នកត្រូវជឿជាក់ថាអ្នកនឹងអាចសល់លុយ សល់ទ្រព្យ។ សូមគិតថាលោកពិភាពនេះមានសេដ្ឋីរាប់លាននាក់ ចុះហេតុអ្វីអ្នកមិនអាចក្លាយជាសេដ្ឋីដូចគេ?
មនុស្សជាច្រើនអាចមានបានដោយសារតែខិតខំប្រឹងប្រែងពោលគឺបើគេវិនិយោគខុស គេនឹងរៀនពីកំហុសហើយរកផ្លូវថ្មីដើម្បីឲ្យធ្វើឲ្យគេចំណេញ។ បើមិនអាចសុំគេឡើងប្រាក់ខែបាន គេនឹងឈប់ធ្វើការងារហើយចេញរកស៊ីដោយខ្លួនឯង៕