នៅក្នុងប្រទេសនីមួយៗ ប្រាក់ខែរបស់នាយករដ្ឋមន្ត្រីជាប្រភពចំណូលផ្លូវការសំខាន់មួយ ដែលមានការបែងចែកខុសៗគ្នា ដោយផ្អែកលើសេដ្ឋកិច្ចជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ខាងក្រោមនេះគឺជាប្រាក់ខែ របស់នាយករដ្ឋមន្ត្រីថៃ វៀតណាម និងកម្ពុជា ក្នុងឆ្នាំ២០២៥៖
១/. នាយករដ្ឋមន្ត្រីថៃ៖ នៅប្រទេសថៃ នាយករដ្ឋមន្ត្រីមានប្រាក់ខែផ្លូវការប្រមាណ ១២៥,៥៩០ បាត ក្នុងមួយខែ ដែលស្មើនឹងប្រហែល ៣,៦៧៦ ដុល្លារ។ ប្រាក់ខែនេះបែងចែកជា ប្រាក់ខែគោល ៧៥,៥៩០ បាត (ប្រហែល ២,២១៥ ដុល្លារ) និង ប្រាក់ឧបត្ថម្ភថ្នាក់ដឹកនាំ ៥០,០០០ បាត (ប្រហែល ១,៤៦៤ ដុល្លារ)។
ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោកស្រី Paetongtarn Shinawatra ក៏បានប្រកាសអំពីទ្រព្យសម្បត្តិរបស់ខ្លួនសរុបមានតម្លៃដល់ទៅ ៤០៦ លានដុល្លារឯណោះ ដែលប្រភពចំណូលធំភាគច្រើនបានមកពី ការវិនិយោគ ឬការបំពេញតួនាទីផ្សេងទៀតនៅវិស័យឯកជន។ នេះបើយោងតាមការចេញផ្សាយរបស់ Nation Thailand។
២/. នាយករដ្ឋមន្ត្រីវៀតណាម៖ ទទួលបានប្រាក់ខែប្រចាំខែប្រមាណ ២៩,២៥០,០០០ ដុង ដែលស្មើនឹងប្រហែល ១,១៥០ ដុល្លារ។ ប្រសិនបើគិតប្រចាំឆ្នាំ ស្មើនឹង ១៣,៨០០ ដុល្លារ។ ប្រាក់ខែនេះបង្កើតឡើងតាមរយៈការគ្រប់គ្រងរបស់រដ្ឋសភា និងគ្មានការកើនឡើងឡើយក្នុងឆ្នាំ ២០២៥ ដោយសារសេចក្តីសម្រេចរបស់រដ្ឋសភាបានបន្តឲ្យប្រាក់ខែគោលស្ថិតនៅថេរដដែល។ នេះបើយោងតាមការចេញផ្សាយរបស់ Vietan Law។
៣/. នាយករដ្ឋមន្ត្រីកម្ពុជា៖ នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នមានប្រាក់ខែផ្លូវការប្រហែល ១០ លានរៀលក្នុងមួយខែ ដែលស្មើនឹងប្រហែល ២,៤៩០ ដុល្លារ។ ប្រសិនបើគិតជាប្រចាំឆ្នាំ ស្មើនឹង ២៩,០០០ ដុល្លារ។ ប្រាក់ខែនេះត្រូវបានកំណត់ជាផ្លូវការដោយរដ្ឋាភិបាល និងជាសាច់ប្រាក់ផ្ទាល់មិនរួមបញ្ចូលប្រាក់បន្ថែមផ្សេងៗដូចជា ប្រាក់ឧបត្ថម្ភអាណិត និងប្រាក់សម្រាប់ការបំពេញភារកិច្ចពិសេសឡើយ។
គួរជម្រាបផងដែរថា ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការ-កម្លាំងប្រដាប់អាវុធ ក្នុងរង្វង់៣% ដែលកំណើននេះ លើសពីអត្រាអតិផរណា ដែលបានប៉ាន់ស្មានត្រឹម២.៥%។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook