នៅយប់ថ្ងៃសុក្រនេះហាងឆេងមាសនៅលើទីផ្សារអន្តរជាតិមានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់ពោលគឺហាងឆេងមាសឡើងថ្លៃខ្លាំង។ គិតត្រឹមពេលនេះមាសឡើងថ្លៃចំនួន៥២ដុល្លារដោយឡើងដល់៣៣៦៣ដុល្លារក្នុងមួយអោន(ស្មើនឹង៤០៥១ដុល្លារក្នុងមួយតម្លឹង)ឬស្មើ៤០៥ដុល្លារក្នុងមួយជី។
មាសចាប់ផ្ដើមឡើងថ្លៃខ្លាំងដោយសារតែទិន្នន័យទីផ្សារការងារនៅសហរដ្ឋអាមេរិក។ ជាក់ស្ដែងបើយោងតាមនាយកដ្ឋានពលកម្មរបស់សហរដ្ឋអាមេរិកបានបង្ហាញថាអត្រាអត់ការងារធ្វើនៅសហរដ្ឋអាមេរិកមានការកើនហើយកត្តានេះបានរុញតម្លៃមាសឲ្យឡើងថ្លៃកាន់ខ្លាំង។
ក្រៅទិន្នន័យអត្រាអត់កាងារនៅអាមេរិកកើនឡើង ព័ត៌មាននៃការចាប់ផ្ដើមអនុវត្តពន្ធនាំចូលថ្មីរបស់សហរដ្ឋអាមេរិកទៅលើប្រទេសជាច្រើនក៏ធ្វើឲ្យហាងឆេងមាសចាប់ផ្ដើមមានភាពទាក់ទងនិងកើនឡើងខណៈការដាក់ពន្ធនេះធ្វើឲ្យមាសផ្សារហ៊ុននៅអាមេរិក ផ្សារហ៊ុនអាស៊ីនិងផ្សារហ៊ុនអឺរ៉ុបចាប់ផ្ដើមធ្លាក់ហើយហើយមាសចាប់ផ្ដើមឡើងថ្លៃ។
គួរបញ្ជាក់ផងដែរថាបើយោងតាមការលើកឡើងរបស់ លោក Ian Samson បានព្យាករថាមាសអាចនឹងឡើងដល់៤ពាន់ដុល្លារក្នុងមួយអោនដោយសារតែធនាគារកណ្ដាលអាមេរិកទម្លាក់ការប្រាក់ដុល្លារដែលធ្វើឲ្យប្រាក់ដុល្លារអាមេរិកធ្លា្កក់ចុះខ្លាំង។
លោកបានបន្ថែមទៀតថាជាង២ត្រីមាសហើយនៅឆ្នាំ២០២៥នេះ ភាពមិនច្បាស់លាស់ដោយសារតែលោកត្រាំធ្វើកំណែទម្រង់ពាណិជ្ជកម្មសកល បញ្ហាសង្រ្គាមនៅមជ្ឈបូព៌ា និងសង្រ្គាមរវាងប្រេសរុស្ស៊ីនិងអ៊ុយក្រែន ក៏ដូចជាធនាគារកណ្ដាលប្រទេសទិញមាសបានធ្វើឲ្យហាងឆេងមាសឡើងស្ថិតនៅក្នុងតម្លៃខ្ពស់មិនធ្លាប់មាន។ ជាក់ស្ដែងកាលពីខែមេសាឆ្នាំ២០២៥នេះ មាសហក់ឡើងខ្ពស់មិនធ្លាប់មានដល់៣៥០០ដុល្លារក្នុងមួយអោន៕