ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិមានការប្រែប្រួលកើនឡើងក្រោយពីលោក Donald Trump ទទូចឲ្យប្រធានធនាគារកណ្ដាលអាមេរិកទម្លាក់ការប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកខណៈអត្រាការប្រាក់កម្ចីនៅតែខ្ពស់ធ្វើឲ្យប៉ះពាល់ដល់វិស័យមួយចំនួន។
នៅព្រឹកថ្ងៃអង្គារនេះហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបន្តកើនឡើង១៧ដុល្លារដោយឡើងដល់៣៣៨០ដុល្លារក្នុងមួយអោន( ស្មើនឹង៤០៧២ដុល្លារក្នុងមួយតម្លឹង) ឬស្មើនឹង៤០៧ដុល្លារក្នុងមួយជី។
ហាងឆេងមាសបានបន្តឡើងថ្លៃ ខណៈក្រុមអ្នកវិនិយោគមានការរំពឹងថាធនាគារកណ្ដាលសហរដ្ឋអាមេរិកអាចនឹងទម្លាក់ការប្រាក់ដុល្លារនៅអំឡុងខែកញ្ញាឆ្នាំ២០២៥ខាងមុខនេះក្រោយលោកDonald Trump ជំរុញលោក Jerome Powell ប្រធានធនាគារកណ្ដាលឲ្យទម្លាក់ការប្រាក់ដើម្បីឲ្យប្រាក់កម្ចីកាន់តែមានការប្រាក់ទាប។
ការរំពឹងទុកនៃការទម្លាក់ការប្រាក់ដុល្លារអាមេរិកតែងតែរុញតម្លៃហាងឆេងមាសឲ្យកាន់តែឡើងថ្លៃព្រោះកាលណាការប្រាក់ដុល្លារចុះមនុស្សចាប់ផ្ដើមលក់ប្រាក់ដុល្លារចេញហើយងាយមកចាប់អារម្មណ៍លើមាសដែលជាទ្រព្យសុវត្ថិភាពសម្រាប់ការវិនិយោគអំឡុងពេលសេដ្ឋកិច្ចមិនច្បាស់លាស់។
គួរបញ្ជាក់ផងដែរមាសត្រូវបានអ្នកជំនាញជាច្រើនបានព្យាករថានៅចុងឆ្នាំ២០២៥និងអំឡុងឆ្នាំ២០២៦ខាងមុខនេះហាងឆេងមាសនៅតែមានទំនោរឡើងថ្លៃ។ នៅក្នុងនោះដែរ Citi Bank ដែលជាធនាគារធំមួយរបស់អាមេរិកបានព្យាករថាមាសអាចនឹងឡើងដល់៣៥០០ដុល្លារក្នុងមួយអោនក្នុងរយៈពេល៣ខែទៀត៕