អ្នករកស៊ីគួរដឹង! ពេលចេញរកស៊ីបើប្រើម៉ាកទាំង ៧នេះ មិនអាចចុះបញ្ជីនៅក្រសួងបានទេ
ធី ស្រីល័ក្ខNOVEMBER 28 20221.6 K views

យោងតាមនាយកដ្ឋានកម្មសិទ្ធិបញ្ញាបានឱ្យដឹងថា ម៉ាក គឺជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់លក្ខណ:ខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ។ ម៉ាកដែលប្រើប្រាស់សំរាប់ទំនិញហៅថាពាណិជ្ជសញ្ញា ហើយម៉ាកដែលប្រើប្រាស់សម្រាប់ សេវាហៅថា សេវាសញ្ញា។

ម៉ាកអាចមានលក្ខណៈជា ពាក្យ អក្សរ រូបភាព រូបសញ្ញា (ឡូហ្គោ) និមិត្តសញ្ញា ពណ៌ បង្គុំនៃពណ៌ ឬបង្គុំនៃសញ្ញាទាំងនេះ។ ហើយមិនមែនគ្រប់ម៉ាកទាំងអស់ សុទ្ធតែអាចចុះបញ្ជីដើម្បីទទួលបានកិច្ចការពារនោះទេ ហេតុនេះអ្នករកស៊ីគួរដឹងថាម៉ាកណាដែលអាចចុះបញ្ជីបាននិងមិនអាចចុះបញ្ជីបានដើម្បីចៀសវាងការបង្កើតហើយមិនអាចចុះកម្មសិទ្ធិការពារបាន។

ជាក់ស្តែង យោងតាមមាត្រា៤នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ បានចុះថា ម៉ាកមិនអាចចុះបញ្ជីបានមានដូចខាងក្រោម​ ៖

១. ម៉ាកដែលមិនអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញឬសេវា របស់សហគ្រាសមួយទៅនឹងសហគ្រាសមួយផ្សេងទៀត។

២. ម៉ាកដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬប្រពៃណីល្អរបស់ជាតិ

៣. ម៉ាកដែលនាំឱ្យសាធារណជនឬមជ្ឈដ្ឋានពាណិជ្ជកម្មភាន់ច្រឡំទៅនឹងប្រភពភូមិសាស្ត្រទំនិញឬសេវាពាក់ព័ន្ធ ឬធាតុដើមឬលក្ខណៈខាងក្រៅរបស់ទំនិញឬសេវានោះ។

៤. ម៉ាកដែលដូចគ្នានឹង/ឬត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះឬឈ្មោះសង្ខេប ឬអក្សរកាត់ ឬសញ្ញាឬត្រាជាផ្លូវការ ដែលអនុម័ត ដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច នៃរដ្ឋនោះឬអង្គការនោះ។

៥. ម៉ាកដែលដូចគ្នាឬប្រហាក់ប្រហែលគ្នា ដែលនាំឱ្យច្រឡំនឹងម៉ាកឬពាណិជ្ជនាមមួយដែលល្បីក្នុងព្រះរាជាណាចក្រកម្ពុជា ឬបង្កើតពីការបកប្រែនៃម៉ាកឬ ពាណិជ្ជនាមដែលល្បីនោះ សម្រាប់ទំនិញឬសេវាដូចគ្នាឬប្រហាក់ប្រហែលគ្នានៃសហគ្រាសមួយទៀត។

៦. ម៉ាកដែលដូចគ្នាឬប្រហាក់ប្រហែលដែលនាំឱ្យច្រឡំនឹងម៉ាកឬពាណិជ្ជនាមមួយដែលល្បីឬបង្កើតពីការបកប្រែនៃម៉ាកឬពាណិជ្ជនាមដែលល្បីនោះ ហើយដែលបានចុះបញ្ជីនៅក្នុង ព្រះរាជាណាចក្រកម្ពុជា សម្រាប់ទំនិញឬសេវាដែលមិនដូចគ្នា ឬមិនប្រហាក់ប្រហែលគ្នា ដោយការប្រើប្រាស់ម៉ាកនោះ ធ្វើឱ្យខូចខាតប្រយោជន៍របស់ម្ចាស់ម៉ាកល្បី។

៧. ម៉ាកដែលដូចឬស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ាកដែលជាកម្មសិទ្ធិរបស់ម្ចាស់ផ្សេង ដែលបានចុះបញ្ជីរួចហើយ ឬបានដាក់ពាក្យស្នើសុំចុះបញ្ជីមុន ឬបានទទួលអាទិភាពចុះបញ្ជីមុន នៅឯបរទេស ចំពោះទំនិញឬសេវាដូចគ្នាឬទំនិញឬសេវាដែលពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធិ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia