រដ្ឋបាលរាជធានីភ្នំពេញបានធ្វើសេចក្តីជូនដំណឹងដល់សាធារណៈជន ឱ្យបានជ្រាបថា សមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរតាមតម្រាយផ្លូវសំខាន់ៗមួយចំនួនជាបណ្តោះអាសន្ន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីប្រារព្ធពិធីរត់ភ្លើងគប់ នៅវេលាម៉ោង ១៤:០០នាទីរសៀល សម្រាប់ពិធីបើកជាផ្លូវការ ការប្រកួតកីឡាជាតិលើកទី៤ និង កីឡាជាតិជនពិការលើកទី២។
វិថីសម្រាប់ប្រារព្ធពិធីរត់ភ្លើងគប់ នឹងចាប់ចេញដំណើរពីខេត្តកណ្តាល កន្លែងការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ឆ្ពោះទៅផ្លូវជាតិលេខ១ រហូតដល់ ផ្លូវបត់ស្តាំទៅកោះនរា ឆ្ពោះមកកោះពេជ្រ ចេញតាមស្ពាននាគភ្លោះ រហូតដល់រង្វង់មូលសម្តេចសង្ឃរាជ ជួន ណាត មកមហាវិថីព្រះសុរាម្រឹត ឆ្ពោះមកមហាវិថីព្រះសីហនុ បត់ស្តាំមហាវិថីសម្តេចមុនីរ៉េត បត់ស្តាំចូលពហុកីឡដ្ឋានជាតិអូឡាំពិក។
ចំពោះពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និង កីឡាជាតិជនពិការលើកទី២ បានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធ ដែលប្រារព្ធនាពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ ចាប់ពីវេលាម៉ោង ១៥:៣០នាទី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើមេត្តា យោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវរត់ភ្លើងគប់ខាងលើ ដើម្បីដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង កាត់បន្ថយការកកស្ទះចរាចរណ៍ ដោយក្ដីអនុគ្រោះ៕
អត្ថបទដោយ៖ ពីង ជូអេង