ជាធម្មតា មនុស្សម្នាក់ដែលធ្វើកានៅក្នុងប្រទេសកម្ពុជានឹងទទួលបានប្រាក់ចំណូលជាមធ្យមប្រហែល ៣៩,៧១៨,៩០០រៀលក្នុងមួយឆ្នាំ ខណៈប្រាក់ខែជាមធ្យមទាបបំផុតប្រមាណ ១០,០៥៧,៩០០រៀលក្នុងមួយឆ្នាំ រហូតដល់ប្រាក់ខែជាធម្យមខ្ពស់បំផុតគឺ ១៧៧,៥៩៩,៦០០រៀលក្នុងមួយឆ្នាំ។ ខាងក្រោមនេះគឺជា ការងារទាំង៥ប្រភេទ ដែលទទួលបានប្រាក់ខែខ្ពស់ និងកំពុងមានតម្រូវការខ្លាំងនៅកម្ពុជា ដោយយោងតាម Talent 4 You៖
១/. បច្ចេកវិទ្យាព័ត៌មាន (IT) និងទីផ្សារឌីជីថល៖ វិស័យឌីជីថលកំពុងបោះពួយទៅមុខយ៉ាងឆាប់រហ័សនៅកម្ពុជាទាំងក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ដែលបាននាំមកនូវឱកាសការងារជាច្រើនសម្រាប់ អ្នកអភិវឌ្ឍន៍កម្មវិធី អ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា និងអ្នកទីផ្សារឌីជីថល។
២/. សេវាថែទាំសុខភាព៖ វិស័យថែទាំសុខភាព និងឱសថហាក់កំពុងរីកចម្រើនខ្លាំងនៅកម្ពុជា។ ប្រភេទការងារជា វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងឱសថការី ជាពិសេសអ្នកដែលមានគុណវុឌ្ឍិពីបរទេស មានតម្រូវការទីផ្សារការងារខ្ពស់ ហើយទទួលបានប្រាក់ខែច្រើនទៀតផង។
៣/. ហិរញ្ញវត្ថុ និងធនាគារ៖ ប្រភេទការងារដូចជា គណនេយ្យករ អ្នកវិភាគហិរញ្ញវត្ថុ និងបុគ្គលិកធនាគារ ជាពិសេសអ្នកមានជំនាញឯកទេសផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យ កំពុងមានតម្រូវការខ្លាំង ខណៈវិស័យហិរញ្ញវត្ថុនៅកម្ពុជាកំពុងរីកដុះដាលគួរឲ្យកត់សម្គាល់។
៤/. អចលនទ្រព្យ និងសំណង់៖ នគរូបនីយកម្ម និងការវិនិយោគពីបរទេសបានជំរុញកំណើននៃវិស័យអចលនទ្រព្យ និងសំណង់។ តួនាទីជាអ្នកគ្រប់គ្រងគម្រោង វិស្វករសំណង់ស៊ីវិល និងអ្នកគ្រប់គ្រងអចលនទ្រព្យកំពុងមានតម្រូវការខ្លាំង ជាពិសេសនៅទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។
៥/. ការអប់រំ និងបណ្តុះបណ្តាល៖ តម្រូវការសម្រាប់ការអប់រំប្រកបដោយគុណភាពក៏កំពុងកើនឡើងផងដែរ ជាមួយនឹងមុខតំណែងដែលមានប្រាក់ខែខ្ពស់។ ក្នុងនោះរួមមាន គ្រូបង្រៀន និងអ្នកគ្រប់គ្រងការសិក្សានៅក្នុងសាលាអន្តរជាតិជាដើម។
យ៉ាងណាមិញ ប្រភេទការងារទាំង៥ ខាងលើនេះ អាចទទួលបានប្រាក់ខែជាមធ្យម ១០០០ដុល្លារក្នុងមួយខែ និងអាចហក់ឡើងខ្ពស់រហូតដល់ ៥០០០ដុល្លារឯណោះក្នុងមួយខែ អាស្រ័យលើតួនាទី ប្រភេទឧស្សាហកម្ម និងបទពិសោធន៍ការងារជាក់ស្តែង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook