ទីភ្នាក់ងារសារព័ត៌មានថៃ The Nation បានឱ្យដឹងថាចាប់តាំងពីដើមឆ្នាំ២០២៥ គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៨ ខែឧសភា ប្រទេសថៃបានកត់ត្រាករណី Covid-19 ចំនួន៤១,១៩៧ ករណី និងមានអ្នកស្លាប់សរុបចំនួន១៥ នាក់។
ដោយអ្នកជំនាញសុខាភិបាលថៃបានលើកឡើងថាកូវីត១៩ អាចបន្តរីករាលដាល ក្នុងការជួបជុំធំនិងការផ្លាស់ប្តូររដូវ ពិសេសរដូវវស្សា។
បើតាមអគ្គនាយក នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង (DDC) លោកវេជ្ជបណ្ឌិត Panumas Yanwetsakul បានបញ្ជាក់ថាបើរាប់ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី ០៨ ខែឧសភា ករណីឆ្លងកូវីដ១៩ សរុបចំនួន ៧,០១៣ ត្រូវបានរាយការណ៍ ហើយមានអ្នកស្លាប់ម្នាក់។
ក្នុងនោះអត្រាឆ្លងខ្ពស់បំផុតត្រូវបានគេរកឃើញក្នុងចំណាមកុមារដែលមានអាយុពី ០-៤ឆ្នាំ បន្ទាប់មកគឺមនុស្សដែលមានអាយុ ៣០-៣៩ និង ២០-២៩ ឆ្នាំ។ ដោយការស្លាប់ដែលត្រូវបានគេរាយការណ៍ថាមានមនុស្សម្នាក់អាយុលើស៦០ឆ្នាំ។
ទន្ទឹមនឹងនេះដែរលោកស្រី Sasikarn Wattanachan អ្នកនាំពាក្យរងនៃទីស្តីការនាយករដ្ឋមន្ត្រី បានប្រកាសកាលពីថ្ងៃទី១១ ខែឧសភា ថាបច្ចុប្បន្នស្ថានភាពកូវីត១៩ នៅក្នុងប្រទេសថៃកំពុងបង្ហាញសភាពធ្លាក់ចុះម្តងបន្តិចៗ ព្រោះឥឡូវនេះកូវីត១៩ បានក្លាយទៅជាជំងឺឆ្លង ដែលមានន័យថាករណីអាចកើតឡើងពេញមួយឆ្នាំ ជាពិសេសក្នុងរដូវវស្សា អាស្រ័យហេតុរដ្ឋបាលសូមណែនាំឱ្យថែរក្សាសុខភាព។
ចំពោះរោគសញ្ញានៃកូវីត១៩ JN.1 មានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងកួត ដែលមានភាពស្រដៀងទៅ នឹងជំងឺផ្តាសាយធម្មតា ទោះជាយ៉ាងណា នាពេលបច្ចុប្បន្ននេះពុំទាន់មានភស្តុតាងជាសកល បង្ហាញថា (JN.1) បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាង ប្រភេទអូមិក្រុងពីមុនៗនោះទេ។
សូមបញ្ជាក់ផងដែរថាបើតាមទិន្នន័យដោយឡែករបស់ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ឱ្យដឹងថា ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ មេរោគប្រភេទថ្មី (JN.1) គឺជាអូមីក្រុងបំប្លែងខ្លួន ដែលវាត្រូវបានរកឃើញមានជាង១៥ភាគរយនៃ ករណីជំងឺកូវីដ-១៩ ដែលគេបានរកឃើញនៅទូទាំងពិភពលោក៕