សាច់រឿងនៃអាជីវកម្មរបស់យីហោសម្លៀកបំពាក់ Tommy Hifiger ដ៏ពេញនិយមមួយនៅអាមេរិក ក៏ដូចជានៅខ្មែរដែលមានលោក Tommy ជាស្ថាបនិកដំបូងបានឱ្យដឹងថាការចាប់ផ្តើមចេញរកស៊ី លក់ខោអាវដោយផ្តើមពីលុយ១៥០$ នៅអាយុ១៨ឆ្នាំរបស់លោក បានបង្រៀនមេរៀនច្រើនជាងថ្នាក់អនុបណ្ឌិតពាណិជ្ជកម្មទៅទៀត អំពីការខាតបង់លើមុខរបរដំបូងនេះនៅជាង៥០ឆ្នាំមុននោះ។
ថ្លែងប្រាប់ CNBC លោក Tommy Hifiger បានលើកឡើងថា “ខ្ញុំបានរកស៊ីខាតនិងបិទហាងខោអាវដែលជារបររកស៊ីដំបូងរបស់ខ្ញុំនៅអាយុ២៣ឆ្នាំ ដោយសារវិបត្តិសេដ្ឋកិច្ច ហើយការបរាជ័យមួយនោះបានបង្រៀនបទពិសោធន៍ល្អបំផុត ដែលខ្ញុំអាចនិយាយបានថាវាមានតម្លៃស្មើថ្នាក់ MBA ( អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម )របស់ខ្ញុំ”។
ដំណើរអាជីវកម្មចាប់ផ្តើមឡើងនៅឆ្នាំ១៩៧១ លោកបានធ្វើការជាបុគ្គលិកចាក់សំាងក្រៅម៉ោងនៅពេលយប់ខណៈលោកកំពុងរៀនថ្នាក់វិទ្យាល័យ ពេលនោះក្នុងខ្លួនមានលុយសន្សំ១៥០ដុល្លារប៉ុណ្ណោះ ដោយគាត់បានយកលុយទាំងនោះ ទិញខោខៅប៉ូយជើងធំចំនួន២០ ពីទីក្រុងញ៉ូយ៉ក ទៅលក់នៅស្រុកកំណើតរបស់គាត់នៅតំបន់ Elmira។
កាលនោះគាត់ចេះតែរកស៊ីសន្សំមួយកាក់មួយសេន ដើម្បីបើកហាង ការរកស៊ីដូច្នេះឱពុកម្តាយបន្ទោសគាត់ណាស់ ប៉ុន្តែគាត់នៅតែជម្នះ លុះមកដល់គាត់អាយុ២៣ឆ្នាំ គាត់ក៏បានបិទហាង ព្រោះបញ្ហាលុយកាក់ ដោយលោកមិនចេះមើលរបាយការណ៍ខាតចំណេញអ្វីទេ ពោលគឺចេះតែធ្វើៗប៉ុណ្ណោះតាមចិត្តក្តៅនិងសេចក្តីចង់បានរបស់ខ្លួន។
ម្ចាស់យីហោដែលមានតម្លៃក្បែរ១០ពាន់លានដុល្លារនេះ បាននិយាយបទពិសោធន៍ផ្ទាល់បន្តថា “មនុស្សជាច្រើនបានប្រព្រឹត្តិកំហុស ហើយទទួលមេរៀនពីវា ប៉ុន្តែនៅតែធ្វើឱ្យមានកំហុសដដែលកើតឡើង ដោយឡែកខ្ញុំប្រកាន់ខ្លួនបន្តិច ខ្ញុំខិតខំធ្វើយ៉ាងណាកុំឱ្យធ្វើឱ្យមានកំហុសដដែល ហើយកើតមានលើសពី២ដង” ។
“ជាក់ស្តែងកាលណោះខ្ញុំមិនចេះទាល់តែសោះអំពីការមើលចំណូលចំណាយ ធ្វើតាមចិត្តក្មេង ប៉ុន្តែមេរៀនដែលបានឱ្យបទពិសោធន៍ដ៏ល្អបំផុតមកកាន់ខ្ញុំគឺ ជាអ្នករកស៊ីត្រង់ដឹងចំណូលចំណាយឱ្យច្បាស់បំផុត ហើយកាន់តែមិនត្រូវធ្វេសប្រហែសពីគ្រប់ផ្នែកទាំងអស់នៃអាជីវកម្ម”។
លោកសង្កត់ធ្ងន់ថា “ខ្ញុំមិនចុះចាញ់ទេព្រោះហ្វេនសិនជាវិស័យដែលខ្ញុំស្រឡាញ់ផ្កាប់មុខបំផុត ដោយពេលនោះខ្ញុំបានត្រឡប់ទៅធ្វើការឱ្យគេវិញនៅក្នុងវិស័យសម្លៀកបំពាក់ ថែមទាំងបានបង្កើតក្រុមមួយដើម្បីច្នៃម៉ូត ហើយក៏បានទៅជួបហាងយីហោ Jordache ដើម្បីឱ្យគេធ្វើការបញ្ជាទិញម៉ូតខោពីយើង តែគេមិនព្រមនោះទេទោះគេពេញចិត្តគំនិតច្នៃម៉ូតរបស់ខ្ញុំក៏ដោយ ព្រោះហេតុផលមួយថាគេមិនត្រូវការចំណាយលើទំនិញខោខៅប៊ូយឡើយ” ។
យ៉ាងណាមិញតាមប្រភពពី Forbes ដែលបានដកស្រង់ចេញពីស្នាដៃសៀវភៅម្ចាស់យីហោប្រេនប្រណិតមួយនេះ បានសរសេរថា “ ខ្ញុំដឹងថាតើអ្វីជាកំហុសរបស់ខ្ញុំនៅពេលនោះ ធ្វើបណ្តើររៀនបណ្តើរ ធ្វើទាល់តែខ្ញុំយល់ថាខ្ញុំត្រូវតែចាប់ផ្តើមម្តងទៀតដោយបង្កើតឈ្មោះជារបស់ខ្លួនឯង”។
ដូច្នេះនៅឆ្នាំ១៩៨៤ លោកបានក៏បង្កើតឡើងវិញ ដោយដាក់ឈ្មោះថា Tommy Hifiger នេះ។ ចាប់ផ្តើមដំបូងលំបាកលោកបានឱ្យដឹងថា ព្រោះគាត់ត្រូវស្ពាយខោខៅប៊ូយ ដែលច្នៃបានផ្ទាល់ទៅគោះទ្វារហាងធំៗជាច្រើន ដើម្បីសុំគេដាក់លក់ ព្រោះពេលនោះ Tommy Hifiger មិនទាន់មានហាងទេគឺមានតែយីហោប៉ុណ្ណោះ ។
ចំពោះទំនិញរបស់លោកមិនត្រូវបានគេទិញយកនោះទេ ព្រោះខោចង្កោះវែងមិនទាន់ពេញនិយមទេកាលពីជំនាន់នោះ តែលោកបានមើលឃើញថាអនាគតមនុស្សនិងប្រើវាជាប្រចាំ ការបដិសេធទាំងនោះកាន់តែ បង្រៀនឱ្យលោកកាន់តែចេះតស៊ូ និងមានភាពអត់ធ្មត់ជាងមុន។
១ឆ្នាំក្រោយមកក្រោមការវិនិយោគទុនរបស់ក្រុមហ៊ុន Murjani Group ជាសហគ្រិនជនជាតិឥណ្ឌាដែលលោកបានជួប ធ្វើឱ្យ Tommy បានផ្លាស់ប្តូររបៀបរកស៊ីភ្លាម ប្តូរអតិថិជនគោលដៅ ទៅរៀនជំនាញឌីហ្សាញបំពេញបន្ថែម ចំណោយលើការផ្សព្វផ្សាយនៅលើ Time Square នៃញ៉ូយ៉ក យុទ្ធសាស្រ្តទីផ្សារ ជួលតារាល្បីៗស្លៀកសម្លៀកបំពាក់ រហូតដល់យីហោអាចបង្កើនការលក់ខ្ទង់លានដុល្លារ ដែលនាពេលបច្ចុប្បន្ននេះ Tommy Hifiger ត្រូវបានលក់នៅក្នុងហាងលក់ជាង ២០០០ នៅក្នុង១០០ ប្រទេសផ្សេងគ្នា។
សរុបមកវិញបទពិសោធន៍រកស៊ីក្ស័យធននៅក្នុងអាជីវកម្មដំបូង ដែលស្ថាបនិក Tommy Hifiger ឱ្យតម្លៃថាដូចលោកបានរៀន MBA នោះគឺចង់បញ្ជាក់ថាចំណេះដឹងនៅក្នុងសាលាគឺសំខាន់ណាស់ ប៉ុន្តែការទទួលយកនូវបទពិសោធន៍ និងរៀនអំពីកំហុសកាន់តែធ្វើឱ្យលោកអាចស្វែងរកចំណុចត្រូវឃើញ ហើយព្យាយាមបំពេញឱ្យបានល្អអស់ពីលទ្ធភាព ទើបការងារកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទដោយ៖ ពីង ជូអេង