ជីវិតស្ម្មគស្មាញដោយសារការមិនចេះបែងចែកពេលវេលា ម្តងរត់ទៅធ្វើនេះ ម្តងរត់ទៅធ្វើនោះ ព្រោះមនុស្សគិតថាការងារណាក៏សំខាន់។ ទន្ទឹមគ្នានេះយើងងាកមកសាកល្បងវិធីសាស្រ្ត 8+8+8 ដោយប្រើរយៈពេល៨០ថ្ងៃ អាចជួយឱ្យអ្នករៀបចំបែងចែកជីវិតខ្លួនឯងឱ្យមានរបៀប បន្ធូរបន្ទុកកុំឱ្យស្មុគស្មាញ បង្កើនលទ្ធផលជីវិតច្រើនជាងមុន។
ក្បួន 8+8+8 ប្រើក្នុងរយៈពេល៨០ថ្ងៃ ដូច្នេះប្រើពេល៨ម៉ោង៣ដងក្នុង១ថ្ងៃ 8+8+8 ដើម្បីបំពេញរឿងទាំង៣នេះឱ្យមានភាពស្មើគ្នា៖
១. ៨ម៉ោងផ្តោតលើការងារចាំបាច់៖
ប្រើពេល៨ម៉ោងផ្តោតធ្វើការងារចាំបាច់ដែលអាចបង្កើតចំណូលចិញ្ចឹមជីវិតឱ្យបានល្អបំផុត ពេលការងារធ្វើបានល្អ សមត្ថភាពកើន ចំណូលខ្ពស់ ។
ជាក់ស្តែងការងារនៅក្រុមហ៊ុនជាទូទៅគឺមានរយៈពេល៨ម៉ោង នេះបើមិនគិតពីការថែមម៉ោងនោះទេ ដូច្នេះហើយដើម្បីឱ្យម៉ោងការងារប្រព្រឹត្តិទៅបានល្អ ចូរកំណត់ពេលវេលា និងការងារដែលត្រូវធ្វើក្នុង១ថ្ងៃៗឱ្យបានច្បាស់លាស់។
មួយវិញទៀតត្រូវមានគោលដៅដែលអាចមើលឃើញក្នុងការងារ ឬមានគោលដៅផ្ទាល់ខ្លួន ដែលសមស្របជាមួយក្រុមហ៊ុន នឹងធ្វើឱ្យអ្នកធ្វើការមិនចេះហត់ ហើយកម្រិតនៃការផ្តោតការងារក៏បានខ្ពស់ជាងមុនទ្វេដង។
២. ៨ម៉ោង គេងឱ្យស្កប់ស្កល់យោងតាមការសិក្សាពីសាកលវិទ្យាល័យ Harvard បានឱ្យដឹងថាមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅអាចមានសមត្ថភាពប្រើប្រាស់ខួរក្បាលល្អ និងមានការចងចាំខ្ពស់គឺបណ្តាលមកពីការគេងឱ្យបានស្កប់ស្គល់រយៈពេល៨ម៉ោងនៅពេលយប់។
រៀបចំការគេងល្អមួយបានគឺបណ្តាលមកពីបរិយាកាសបន្ទប់គេងល្អ ការទទួលទានត្រឹមត្រូវ ផ្លូវចិត្តរឹងមាំ កំណត់ពេលប្រើប្រាស់គ្រឿងអេឡិចត្រូនិចមុនចូលដំណេក ដើម្បីឱ្យខួរក្បាលមានភាពស្រឡះល្អមានពេលសម្រាក បន្ទាប់ពីបំពេញការងារពេញមួយថ្ងៃរួចមក។
៣. ៨ម៉ោងចំណាយលើ 3Fs / 3Hs / 3Ss
រូបមន្ត 3Fs៖ ធ្វើរឿង៣យ៉ាងរៀបចំជីវិតមានភាពរីករាយនិងកាន់តែប្រសើរឡើង ទី១គឺចំណាយពេលជាមួយគ្រួសារធ្វើឱ្យពួកគាត់សប្បាយចិត្ត ទទួលទានអាហារពេលល្ងាចជាមួយពួកគាត់ឱ្យបានញឹបញាប់ ទី២រាប់អានមិត្តភក្តិល្អ១នាក់ទៅ២នាក់ ដើម្បីបង្កើនទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍គ្នា ទី៣ មានជំនឿលើគោលដៅដែលខ្លួនកំពុងធ្វើ។
រូបមន្ត 3Hs៖ ធ្វើរឿង៣យ៉ាងធ្វើឱ្យរាងកាយរឹងមាំ ទី១ តាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ទី២ ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ស្រូបយកខ្យល់ធម្មជាតិឱ្យបានញឹបញាប់ ទី៣ បង្កើតទម្លាប់ល្អៗឱ្យខ្លួនដូចជាការហាត់ប្រាណ អានសៀវភៅឬសន្សំលុយជាដើម។
រូបមន្ត 3Ss៖ ធ្វើរឿង៣យ៉ាងឱ្យខ្លួនឯងនិងអ្នកដទៃមានក្តីសុខ ទី១នៅជាមួយខ្លួនឯងរយៈ១៥-២០នាទីក្នុងថ្ងៃ ដើម្បីឆ្លុះបញ្ចាំងខ្លួនឯង ថាខ្លួនឯងត្រូវការអ្វី ត្រូវធ្វើអ្វីខ្លះ? ទី២ ចេះផ្តល់ឱ្យ ធ្វើជាមនុស្សដែលចេះឱ្យផង ចេះទទួលយកផង ទី៣ ឧស្សាហ៍ញញឹម មនុស្សចេះញញឹមទោះខឹងក៏គេមិនរកវាយដែរ ញញឹមឱ្យកម្លាំងចិត្តខ្លួនឯង ញញឹមអាចធ្វើឱ្យមនុស្សដែលស្រឡាញ់យើងនិងមនុស្សដែលយើងស្រឡាញ់សប្បាយចិត្ត។
ជាការពិតណាស់មនុស្សម្នាក់ដែលរស់នៅមានរបៀបរស់នៅល្អ មានទម្លាប់វិជ្ជមាន គឺជាមនុស្សម្នាក់ដែលអាចដឹកនាំខ្លួនឯងបានល្អ និងអាចមានសមត្ថភាពធ្វើឱ្យជីវិតមានភាពស្មើគ្នា ទាំងរឿងខ្លួនឯង រឿងគ្រួសារ រឿងការងារនិងគោលដៅអនាគតផងដែរ។ ដូច្នេះការបែងចែកពេលវេលាគឺពិតជាសំខាន់ណាស់ ព្រោះមនុស្សមានពេល២៤ម៉ោងដូចគ្នា នៅពេលដែលយើងអាចគ្រប់គ្រងពេលវេលាបាន គឺពិតជាអាចកំណត់ជោគវាសនាខ្លួនឯងបាន៕
អត្ថបទដោយ៖ ពីង ជូអេង