បើគ្មានការប្រែប្រួលទេ គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងចាប់ផ្ដើមសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២៥ខាងមុខ។ ដោយឡែក សម្រាប់ចំនួនគ្រឿងចក្រដែលត្រូវធ្វើការប្រើប្រាស់ក្នុងការសាងសង់ អាស្រ័យលើពេលវេលា ស្ថានភាព និងទីតាំងដែលជ្រើសរើសសម្រាប់បើកការសាងសង់ជាផ្លូវការ។ ជារួម ក្រុមហ៊ុនសាងសង់បានត្រៀមគ្រឿងចក្ររួចរាល់ រង់ចាំតែការអនុវត្តនីតិវិធីចាំបាច់ (ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ -ល-)ទើបការសាងសង់ចាប់ផ្តើមបាន។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្ដមអ្នកនាំពាក្យបានបញ្ជាក់ដែរថា គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសបានចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោបញ្ចប់ការងារសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងស្រុងហើយ។ កិច្ចការខាងលើនេះ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយបន្តពីកំណាត់ទី១ ពីភូមិសាស្ត្រព្រែកពោធិ៍ ស្របតាមបណ្តោយទន្លេបាសាក់ ឆ្ពោះទៅព្រែកតាហ៊ីង។ ជារួម លទ្ធផលនៃចំនួនបង្គោលដែលបានពិនិត្យ និងបោះរួចរាល់ក្នុងខេត្តកណ្តាលទាំងស្រុងសម្រាប់កំណាត់ទី២ មានចំនួន ២៣២បង្គោល។
ឯកឧត្ដមបន្ដថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តតាកែវ នឹងចាប់ផ្តើមបោះបង្គោលបន្តចាប់ពីព្រំប្រទល់ខេត្តកណ្ដាល និងខេត្តតាកែវ រហូតដល់ព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពត ដែលគ្រោងបោះបង្គោលប្រមាណ៥០៦បង្គោលបន្ថែមទៀត។
គួរបញ្ជាក់ថា សម្រាប់កំណាត់ទី១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានប្រវែង២១គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ ដល់ព្រែកពោធិ៍ ក្រុមការងារដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងបញ្ចប់ការងារវាស់វែង ក្បាលដី ដែលរងផលប៉ះពាល់រួចរាល់។ ក្រុមការងារដោះស្រាយផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកណ្តាល កំពុងបន្តអនុវត្តនីតិវិធីពាក់ព័ន្ធដើម្បីបញ្ចប់ការងារនេះក្នុងពេលដ៏ខ្លីខាងមុខនេះ។
សូមជម្រាបផងដែរថា គម្រោងព្រែកជីហ្វូណនតេជោ គឺជាផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះមានប្រវែងជាង ១៧៤ គីឡូម៉ែត្រ ត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅមក និងចៀសគ្នាបានដោយសុវត្ថិភាព។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ និងរំពឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨ ខាងមុខ៕