អ្នកជំនាញផ្នែកហិរញ្ញវត្ថុ លោក ង៉ែត ជូ បានលើកឡើងពីចំណុចអាទិភាពចំនួន ៦ ដែលកម្ពុជាគួរផ្តោតបន្ទាប់ពីបានសន្តិភាព ដើម្បីស្តាសេដ្ឋកិច្ច ពង្រឹងស្មារតីឯកភាពជាតិខ្មែរតែ១ និងភាពថ្លៃថ្នូរបស់ខ្មែរ ខណៈពិភពលោកកំពុងសរសើរ៖
១/. ខិតខំចរចារដើម្បីទទួលបានពន្ធនាំចេញទៅអាមេរិកទាបជាង ឬយ៉ាងហោចណាស់ស្មើនឹងប្រទេសវៀតណាម (២០%)។ យើងកំពុងប្រឈមមុខនឹងការបាត់បង់សមត្ថភាពប្រកួតប្រជែងក្នុងការនាំចេញទៅកាន់ទីផ្សារអាមេរិកតាមរយៈរបាំងពន្ធគយដែលមិនធ្លាប់មាន។
២/. បង្កើនសមត្ថភាពផលិតរបស់សហគ្រាសក្នុងស្រុកដើម្បីបង្កើតការងារបន្ថែម ផ្គត់ផ្គង់តំរូវការក្នុងស្រុក និងបង្កើនសមត្ថភាពនាំចេញ។
៣/. ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងការបំពាក់ជំនាញវិជ្ជាជីវៈដល់យុវជនដើម្បីបំពេញតំរូវការកម្លាំងពលកម្មក្នុងស្រុក និងកាត់បន្ថយចំនួនពលករចំណាកស្រុក។
៤/. ពង្រឹងប្រសិទ្ធិភាពក្នុងការគ្រប់គ្រងរដ្ឋ កាត់បន្ថយចំនួនស្ថាប័ន ច្របាច់បង្រួមក្រសួងអោយមានចំនួនតិច និងលុបបំបាត់តំណែងធំៗដែលមិនចាំបាច់ បង្កើនមន្ត្រីបច្ចេកទេសតាមតំរូវការជាក់ស្តែង។ ត្រង់នេះវៀតណាម និងឡាវកំពុងតែធ្វើ។ បើយើងមិនធ្វើ យើងដើរមិនទាន់គេទេ។
៥/. ក្នុងអំឡុងពេលសង្រ្គាមជាមួយថៃយើងសង្កេតឃើញថាខ្មែរមានស្មារតីរួបរួមសាមគ្គីខ្មែរតែមួយ បន្តរពង្រឹងស្មារតីសាមគ្គី និងឯកភាពជាតិនេះដើម្បីជាតិខ្លាំង ឈប់យកខ្មែរគ្នាឯងធ្វើជាសត្រូវ។
៦/. រក្សាភាពថ្លៃថ្នូររបស់ជាតិខ្មែរដែលពិភពលោកកំពុងកោតសរសើរ និងអោយតម្លៃ។ មិនបំភ្លៃការពិត មិនបៀតបៀនបណ្តុះបង្អាប់ជាតិសាសន៍ដទៃ ឈរលើគោលការណ៍សីលធម៌ និងអោយតម្លៃសន្តិភាពជាធំ។
គួរជម្រាបផងដែរថា សមរភូមិមុខរវាងកម្ពុជា និងថៃ ក្នុងរយៈពេល ៥ថ្ងៃពេញ ត្រូវបានបញ្ចប់បន្ទាប់ពីមាន «បទឈប់បាញ់» នៅម៉ោង ១២យប់ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដែលបានអនុវត្តតាមកិច្ចព្រមព្រៀង ក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook