មានការចោទសួរ ហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ?
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែកក្កដា បានបង្ហោះសារលើបណ្តាញសង្គម បញ្ជាក់ច្បាស់ៗយ៉ាងដូច្នេះថា៖ «[…] ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង […]»។
សម្តេចធិបតីបានលើកឡើងថា៖ «ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត»។
ក្នុងនោះ សម្តេចធិបតីក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។
យ៉ាងណាមិញ បច្ចុប្បន្នរដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាគីថៃ ដើម្បីស្នើឲ្យមានការដោះលែងយោធិនកម្ពុជាត្រឡប់មកវិញឲ្យបានឆាប់ជាទីបំផុត។ បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំការជួយអន្តរាគមន៍ពីអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមជាអ្នកសម្របសម្រួលនិងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើទៅអគ្គបញ្ជាការកងទ័ពថៃ អោយជួយជំរុញការដោះលែងឲ្យបានឆាប់ផងដែរ៕