នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធនាំចូលផលិតផលកម្ពុជាពី ៣៦% មកនៅត្រឹមតែ ១៩% ដែលធ្វើឲ្យប្រទេសកម្ពុជាអាចមានលទ្ធភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្មជាមួយប្រទេសជិតខាង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
ក្នុងនោះយោងតាមរបាយការណ៍ចុងឆ្នាំ ២០២៤ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេរួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។
គួរជម្រាបផងដែរថា របាយការណ៍ដដែលបានបង្ហាញថា កម្ពុជានាំចេញទំនិញទៅអាម៉េរិក ក្នុងទំហំប្រមាណ ៨,៨ពាន់លានដុល្លារ ដោយកើនឡើង ១១% បើធៀបនឹងឆ្នាំ២០២៣។ កម្ពុជា នាំចូលទំនិញពីអាម៉េរិកមានទំហំប្រមាណ ២៥៧លានដុល្លារ ដោយកើនឡើង ២,៧%៕