នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានសម្រេចយកអត្រាពន្ធពីកម្ពុជាមកត្រឹម ១៩ ភាគរយ (ពោលគឺថយចុះ ៣០ ភាគរយ ប្រៀបធៀបជាមួយអត្រាពន្ធពីដំបូង ៤៩ ភាគរយ)។ ខណៈនេះគឺជា ដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
ទាក់ទងនឹងការយកត្រាពន្ធមកត្រឹម ១៩ ភាគរយនេះដែរ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីមូលហេតុដែលជួយឲ្យកម្ពុជាទទួលបានក្នុងកម្រិតទាបបែបនេះ។ ដោយក្នុងនោះកម្ពុជាបានសម្រេចយកពន្ធសូន្យភាគរយលើទំនិញនាំចូលពីអាមេរិក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនៅថ្ងៃទី១ ខែសីហា ឯកឧត្ដម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា «...សម្ដេចធិបតីបានអនុញ្ញាតឲ្យយើងប្រើសន្លឹកបៀ ដោយសន្លឹកបៀនោះគឺ កម្ពុជាកាត់បន្ថយអត្រាពន្ធ ដែលយើងបានឲ្យគេមុននោះ យើងកាត់បន្ថយទៅ ០ ទាំងអស់។ ដូច្នេះទំនិញសហរដ្ឋអាមេរិកនាំចូលមកកម្ពុជាគឺអត់មានយកពន្ធទេ គឺអត្រាពន្ធសូន្យ»។
យ៉ាងណាក្រៅពីការទម្លាក់ពន្ធសូន្យភាគរយលើទំនិញនាំចូលពីសហរដ្ឋអាមេរិកនេះ កម្ពុជាក៏មានកិច្ចព្រមព្រៀងនៅក្នុងការទិញយន្ដហោះបន្ថែមពីសហរដ្ឋអាមេរិកផងដែរ។ «ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia នឹងចរចាទិញ Boeing 737 Max 8 ១០គ្រឿង ហើយមានជម្រើសអាចទិញ ១០ គ្រឿងថែមទៀត។ ឥឡូវកំពុងចរចា ហើយសង្ឃឹមថាខែ ៨ នេះអាចចុះកិច្ចព្រមព្រៀងមួយបញ្ជាក់ពីការទិញ។ នេះជាការបញ្ជាក់បន្ថែមពីឯកឧត្ដម ស៊ុន ចាន់ថុល៕