គម្រោងវិនិយោគធំៗចំនួន ៧ បានធ្វើការបោះទីតាំងនៅក្នុងខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពង់ឆ្នាំង និងខេត្ដត្បូងឃ្មុំ និងបានបង្កើតឱកាសការងារជាច្រើនកន្លែងជូលពលរដ្ឋក្នុងតំបន់។ ខណៈបច្ចុប្បន្នកំពុងរៀបចំស្នើសុំចុះបញ្ជីវិនិយោគផងដែរ។
យោងតាមការចេញផ្សារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោងខាងលើ។ ដោយកិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធផងដែរ។
តាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង ៧ ខាងលើ មានទុនវិនិយោគសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង (កែច្នៃជ័រកៅស៊ូ), និងវិស័យឧស្សាហកម្មចំនួន៨គម្រោង (ផលិតសម្ភារៈកីទ្បានិងកាបូបដាក់សម្ភារៈកីទ្បា, ផលិតតុក្កតាគ្រប់ប្រភេទ, ផលិតស៊ីម៉ងត៍, ផលិតគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, អាជីវកម្មថ្មអារ, និងផលិតបរិក្ខារអគ្គិសនីបំភ្លឺ អំពូលលម្អនិងគ្រឿងបន្ទាប់បន្សំ)៕