កំពុងលក់ដូររកស៊ីលើ Tiktok ហាមផុសរឿង៥នេះ បើមិនចង់ឱ្យ TikTok បិទវីយូលែងឱ្យគេឃើញ
នារី AUTOMARCH 24 20242.6 K views

បច្ចុប្បន្ននេះ បណ្ដាញសង្គមវីដេអូខ្លី TikTok គឺជាបណ្ដាញសង្គមមួយដែលមានការពេញនិយមក្នុងការប្រើប្រាស់យ៉ាងខ្លាំងពីសំណាកប្រជាជនកម្ពុជា។ ហើយក្រៅពីប្រើប្រាស់ដើម្បីកំសាន្ដ ក៏មានប្រជាជនខ្មែរយើងមួយចំនួនប្រើប្រាស់បណ្ដាញសង្គមវីដេអូខ្លីមួយនេះ ដើម្បីជួយផ្សព្វផ្សាយពីអាជីវកម្មរបស់ខ្លួនថែមទៀតផង។

ប៉ុន្ដែទោះបីជាមានភាពពេញនិយម និងងាយស្រួលយ៉ាងណាក៏ដោយ ប្រសិនជាប្រិយមិត្តធ្វើខុសគោលការណ៍ TikTok លើរឿង៥នេះ ខាងប្រព័ន្ធ TikTok នឹងទម្លាក់មិនឱ្យអ្នកប្រើប្រាស់ផ្សេងមើលឃើញវីដេអូរបស់អ្នកនោះទេ​។ ដោយរឿងទាំង៥នោះរួមមាន៖

2

១.ការបបួលវិនិយោគ៖ TikTok ហាមមិនឱ្យផលិតវីដេអូនិយាយនាំគេវិនិយោគទៅលើគម្រោងមិនច្បាស់លាស់ ឬគម្រោងដែលមានការធានាអះអាងថាបានប្រាក់ចំណេញត្រឡប់ទៅវិញ ហួសពីការពិត។ ក្រុមហ៊ុន TikTok មិនបានហាមប្រាមមិនឱ្យធ្វើការផលិតវីដេអូចែករំលែកពីចំណេះដឹងវិនិយោគ ឬចំណេះដឹងហិរញ្ញវត្ថុនោះទេ។ ប៉ុន្ដែអ្វីដែលអ្នកត្រូវប្រយ័ត្នគឺមិនត្រូវនិយាយបបួលគេវិនិយោគផ្ដេសផ្លាស់ ឬវិនិយោគមានធានាបានលុយត្រឡប់ទៅវិញជាដើម។ ប្រសិនបើអ្នកធ្វើបែបនេះ នោះប្រព័ន្ធរបស់ TikTok នឹងធ្វើការទម្លាក់ការមើលឃើញរបស់អ្នក។

២​.បបួលគេលេងល្បែង៖ សម្រាប់អ្នកដែលផលិតវីដេអូ និយាយបបួលគេលេងល្បែងស៊ីសងផ្សេងៗ នោះប្រព័ន្ធរបស់ក្រុមហ៊ុន​ TikTok នឹងធ្វើការទម្លាក់វីដេអូរបស់អ្នកមិនឱ្យមានការមើលឃើញ ហើយករណីធ្ងន់ធ្ងរអាចធ្វើការបិទគណនី TikTok របស់អ្នកថែមទៀតផង។

៣.ព័ត៌មានបុគ្គល៖ ប្រសិនបើអ្នកផលិតវីដេអូដែលជាប់ព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គល ដូចជាឈ្មោះ លេខទូរសព្ទ ថ្ងៃខែឆ្នាំកំណើត អត្ដសញ្ញានុបណ្ណ របស់មិត្តភក្ដិបងប្អូន ឬនរណាម្នាក់ ក្នុងវីដេអូរបស់អ្នកនោះ ក្រុមហ៊ុន TikTok នឹងធ្វើការទម្លាក់វីដេអូរបស់អ្នកមិនឱ្យមានអ្នកទស្សនាច្រើននោះទេ ខណៈក្រុមហ៊ុន TikTok យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើព័តមានឯកជនបុគ្គល។

៤.ថតជាប់អាវុធគ្រោះថ្នាក់៖ ការផលិតវីដេអូជាប់អាវុធមុតស្រួចគ្រោះថ្នាក់ ឬអាវុធផ្ទុះផ្សេងៗ អាចប្រឈមជាមួយនឹងការបិទការមើលឃើញ ដោយក្រុមហ៊ុន TikTok ហើយក្នុងករណីធ្ងន់ធ្ងរគឺអាចនឹងត្រូវក្រុមហ៊ុន TikTok បិទគណនីតែម្ដង។

៥.អាក្រាតកាយ និងខ្លឹមសារផ្លូវភេទ៖ នេះរួមបញ្ចូលខ្លឹមសារដែលណែនាំផ្លូវភេទ ឬដែលកេងប្រវ័ញ្ច បំពាន ឬបង្កគ្រោះថ្នាក់ដល់កុមារ។ វាក៏រួមបញ្ចូលផងដែរនូវខ្លឹមសារដែលពណ៌នាអំពីអំពើហិង្សា ឬការធ្វើទារុណកម្មក្នុងពិភពពិត។

គួរជម្រាបផងដែរថា ប្រសិនបើអ្នកមិនបានធ្វើរឿងខាងលើ ហើយមិនបានប្រឆាំង ឬល្មើសនិងច្បាប់ណាមួយរបស់ TikTok ប៉ុន្ដែនៅតែគ្មានអ្នកមើលដដែល។ រឿងបន្ទាប់ដែលអ្នកត្រូវធ្វើគឺគួរតែព្យាយាមផលិតវីដេអូរបស់អ្នកឱ្យបានទាក់ទាញ អាចឆក់យកបេះដូងអ្នកទស្សនា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia