លាហើយ! ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បី២ នៅអាស៊ីបានប្រកាសបិទទ្វារបន្តកន្ទុយគ្នាព្រោះមូលហេតុទាំងនេះ
ធី ស្រីល័ក្ខJUNE 16 20252.4 K views

ត្រឹមខែមិថុនា នៃឆ្នាំ២០២៥ មានក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បី២ គឺក្រុមហ៊ុន Thai Smile និងក្រុមហ៊ុន Jetstar Asia(3k) បានប្រកាសបិទទ្វារហើយ បន្ទាប់ពីប្រឈមមុខនឹងបញ្ហាទប់លែងជាប់។

ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយសាព័ត៌មាន Thai New បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International បានកំពុងតែដំណើរការច្បាប់ដើម្បីបិទក្រុមហ៊ុនអាកាសចរណ៍ Thai Smile Airways ដែលខ្លួនមានភាគហ៊ុនសរុបរហូតដល់ទៅ ៩៩,៩៩% បន្ទាប់ពីខាតបង់ទប់លេងជាប់។

ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា ការបញ្ចប់នៃក្រុមហ៊ុន Thai Smile គឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែជាមេរៀនដ៏មានតម្លៃមួយនៅក្នុងសេដ្ឋកិច្ចអាកាសចរណ៍សម្រាប់ក្រុមហ៊ុន Thai Airways ខណៈដែលខ្លួនកំពុងបន្តជាមួយនឹងផែនការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន។

យ៉ាងណាមិញ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Thai Smile Airways គឺបានបើកដំណើរការជាលើកដំបូងតាំងពីឆ្នាំ២០១៣ មកម្លេះ ខណៈក្រុមហ៊ុនមួយនេះគឺមានតម្លៃទាបបំផុតសម្រាប់ជើងហោះហើរក្នុងស្រុកនិងនៅក្នុងតំបន់ ។

ជាមួយគ្នានោះដែរ ក្រៅពីក្រុមហ៊ុន Thai Smile Airways នាពេលនេះក៏មានក្រុមហ៊ុនអាកាសចរណ៍មួយទៀតគឺ ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia(3k) ដែលជាក្រុមហ៊ុនហោះហើរដ៏ល្បីមួយរបស់ប្រទេសសិង្ហបុរី ដែលបានរកស៊ីតាំងពីឆ្នាំ ២០០៤ មកម្លេះ ហើយនាពេលនេះក្រុមហ៊ុននេះក៏បានប្រកាសបិទទ្វារជារៀងរហូតនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះហើយ។

ចំពោះមូលហេតុនៃការបិទនេះ ដោយសារតែក្រុមហ៊ុន Jetstar Asia បានប្រឈមកាន់តែខ្លាំងឡើងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានសារតែការផ្គត់ផ្គង់ឡើងថ្លៃ សូម្បីតែថ្លៃអាកាសយានដ្ឋានក៏ឡើងហើយក៏មានការប្រកួតប្រជែងខ្លាំងពេកជាហេតុនាំឱ្យ Jetstar Asia សម្រេចចិត្តបិទទ្វារតែម្តងទៅ។

ជាចុងក្រោយ ក្រុមហ៊ុន Jetstar Asia ក៏បានបញ្ជាក់ថា សម្រាប់អតិថិជនដែលមានការកក់មុនថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥ នឹងមានការផ្លាស់ប្តូរមួយចំនួនចំពោះកាលវិភាគធម្មតារបស់ Jetstar Asia ហើយយើងនឹងទាក់ទងដោយផ្ទាល់ ប្រសិនបើមានការផ្លាស់ប្តូរណាមួយចំពោះជើងហោះហើរនាពេលខាងមុខរបស់អ្នក។ ប្រសិនបើអ្នកមិនត្រូវបានទាក់ទងជាមួយការផ្លាស់ប្តូរកាលវិភាគណាមួយទេ ជើងហោះហើរដើមរបស់អ្នកនឹងដំណើរការដូចដែលបានគ្រោងទុក ហើយមិនចាំបាច់មានសកម្មភាពអ្វីឡើយសូមបន្តទៅព្រលានយន្តហោះដូចធម្មតា៕

L19

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia