គិតត្រឹមឆ្នាំ២០២៣ ប្រទេសថៃបាននាំចេញទំនិញចូល ប្រទេសកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ៦.១៩ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យភ្នាក់ងារស្រាវជ្រាវសេដ្ឋកិច្ចនិងពាណិជ្ជកម្ម OEC។
ក្នុងនោះផលិតផលនិងទំនិញសំខាន់ៗដែលថៃនាំចេញមកកម្ពុជាមាន ប្រេងចម្រាញ់ មានចំនួន១,៧ពាន់លានដុល្លារ, មាស មានចំនួន៣៦២លានដុល្លារ និងស្ករឆៅ មានចំនួន៣៥១លានដុល្លារ។
យ៉ាងណាមិញការនាំចេញពីប្រទេសថៃចូលកម្ពុជាបានថយចុះក្នុងអត្រាប្រចាំឆ្នាំ២.៧៩%ដែលធ្លាក់ចុះពី ៧.១៣ ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ មកត្រឹម ៦.១៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។
ដោយឡែកបើគិតត្រឹមឆ្នាំ២០២៤ នៃទិន្នន័យរបស់អង្គការសហប្រជាជាតិ COMTRADE ស្តីពីពាណិជ្ជកម្មអន្តរជាតិ បានឱ្យដឹងថា ប្រទេសថៃបាននាំចូលទំនិញមកកម្ពុជាក្នុងទំហំទឹកប្រាក់ ៩,២៣ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះទំនិញកំពូលរួមមាន គុជ ថ្ម និងលោហធាតុដែលមានតម្លៃ។
គួរជម្រាបផងដែរថាចំពោះទិដ្ឋភាពនាំចេញរបស់ប្រទេសថៃ បានដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ GDP និងការងារ ក្នុងនាមជាផលិតករទំនិញដ៏សកម្មលើវិស័យ គ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្ម ។
បន្ថែមពីនេះដែរតាមទិន្នន័យពីរបាយការណ៍សិ្ថតិ Statista បានបញ្ជាក់ថាក្រុមហ៊ុននាំចេញរបស់ថៃបាននាំចេញផលិតផល មានតម្លៃ ២៧៩.៨ ពាន់លានដុល្លារទៅជុំវិញពិភពលោក គិតក្នុងឆ្នាំ២០២៣៕
អត្ថបទដោយ៖ ពីង ជូអេង