ចំណូលត្រីកោណ! មានចំណូល៣នេះ អ្នកនឹងមានលំហូរសាច់ប្រាក់វិនិយោគបង្កើនទ្រព្យជាលំដាប់
Toeuy HongMARCH 23 20251.4 K views

គេថាបើចង់មានត្រូវបង្កើតចំណូលឲ្យបានច្រើនផ្លូវ​ព្រោះបើយើងពឹងតែលើប្រាក់ខែ យើងមិនងាយក្លាយជាអ្នកមានលុយហូរហៀរនោះទេពោលគឺចំណូលពីប្រាក់ខែបានត្រឹមតែ​ចាយគ្រប់គ្រាន់ក្នុងការរស់នៅប៉ុណ្ណោះ។

 ទាក់ទងនឹងប្រាក់ចំណូលនេះដែរ លោកស្រី ចេន សុភាព  ស្ថាបនិកសហគ្រាសកីតម្បាញខ្មែរ (KTK) បានបង្ហើបនូវ​ចំណូល៣ប្រភេទ បើអ្នកមានចំណូលទាំងនេះ អ្នកនឹងមានលំហូរសាច់ប្រាក់ជាប្រចាំសម្រាប់វិនិយោគបង្កើនទ្រព្យរបស់អ្នកជាលំដាប់។

១. ចំណូលប្រចាំថ្ងៃ

ចំណូលប្រចាំថ្ងៃនេះ មនុស្សភាគច្រើនមិនងាយមានទេ អាចនិយាយបានថាទាល់តែអ្នកមានអាជីវកម្មផ្ទាល់ខ្លួនទើបគាត់អាចទទួលបានចំណូលប្រចាំថ្ងៃពីការលក់ផលិតផលនិងសេវាកម្ម។ ដូច្នេះបើអ្នកបង្កើតចំណូលប្រចាំថ្ងៃ អ្នកនឹងអាចផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ ហើយបើអ្នករកបានកំណូលកាន់តែច្រើន អ្នកនឹងសល់លុយចាប់ឱកាសវិនិយោគផ្សេងៗ។

២. ចំណូលប្រចាំខែ

មនុស្សភាគច្រើនគឺសុទ្ធតែមានចំណូលប្រចាំខែ ហើយទូទៅចំណូលប្រចាំខែនេះគឺជាប្រាក់ខែ។ ចំណូលប្រចាំខែនេះ បើអ្នកមិនខ្វល់ខ្វាយបែងចែកចាត់ចែងឲ្យបានល្អនោះអ្នកនឹងជួបបញ្ហារឿងលុយកាក់ក្នុងការរស់នៅ។ អ៊ីចឹងបើមានចំណូលប្រចាំខែតាមរយៈប្រាក់ខែ អ្នកត្រូវបែងចែកកញ្ចប់លុយសម្រាប់សន្សំនិងវិនិយោគដើម្បីឲ្យលុយរបស់អ្នកកើតជាកូនពូនជាចៅ។

៣. ចំណូលប្រចាំឆ្នាំ

ចាំណូលឆ្នាំភាគច្រើនគឺជាចំណូលដែលទទួលបានតាមរយៈផលចំណេញពីការវិនិយោគផ្សេងៗដូចជាដីធ្លីនិងភាគហ៊ុនជាដើម។ ចំណូលនេះគឺជាចំណូលបន្ទាប់បន្សំ តែបើអ្នកមានបទពិសោធន៍វិនិយោគហើយវិនិយោគជាប្រចាំនោះវាគឺជាផ្លូវដែលជួយឲ្យអ្នកអាចបង្កើតភាពមានបានចេញពីចំណូលប្រភេទនេះ។

លោកស្រី ចេន សុភាពបង្ហើបថា បើអ្នកអាចកសាងចំណូលទាំង៣ប្រភេទនេះបាន អ្នកនឹងមានលំហូរសាច់ប្រាក់មិនចេះដាច់នោះទេ ពោលគឺអ្នកមានសាច់ប្រាក់ក្នុងដៃគ្រប់ពេលសម្រាប់ចាប់ឱកាសវិនិយោគផ្សេងៗដែលមកដល់ហើយអាចវិនិយោគបង្កើនទ្រព្យរបស់អ្នកជាលំដាប់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia