ក្រុមហ៊ុនកែច្នៃសាច់ JBS ដែលមកពីប្រទេសប្រេស៊ីល នឹងបោះទុនវិនិយោគរហូតដល់ទៅ ១០០លានដុល្លារអាមេរិកដើម្បីបង្កើតរោងចក្រចំនួនពីរនៅវៀតណាម ក្នុងគោលបំណងត្រៀមពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ប្រភពខាងលើបានឱ្យដឹងថា រោងចក្រនេះនឹងផលិតសាច់គោ សាច់ជ្រូក និងបសុបក្សី ហើយនឹងប្រើប្រាស់វត្ថុធាតុដើមជាចម្បងដែលនាំចូលពីប្រទេសប្រេស៊ីលគោលដៅគឺផ្គត់ផ្គង់វៀតណាមនិងប្រទេសផ្សេងទៀតក្នុងតំបន់ផងដែរ។
លោក Renato Costa នាយកប្រតិបត្តិក្រុមហ៊ុន Friboi ផ្នែកសាច់គោរបស់ JBS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា "រោងចក្រថ្មីនៅក្នុងប្រទេសវៀតណាមនឹងមិនត្រឹមតែជាការពង្រីកសមត្ថភាពផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែការវិនិយោគដែលមានគោលបំណងបង្កើតតម្លៃសម្រាប់សេដ្ឋកិច្ចក្នុងស្រុក បង្កើតការងារដែលមានជំនាញ និងរួមចំណែកដល់សន្តិសុខស្បៀងនៅទូទាំងអាស៊ីអាគ្នេយ៍។
ជាមួយគ្នានោះដែរ ចំពោះកន្លែងដំបូងដែលក្រុមហ៊ុន JBS ត្រូវសាងសង់នោះគឺនៅ Khu công nghiệp Nam Đình Vũ រួមទាំងមជ្ឈមណ្ឌលភស្តុភារដែលមានសមត្ថភាពផ្ទុកគ្របដណ្តប់លើការកែច្នៃមុន និងសកម្មភាពវេចខ្ចប់។
ចំណែករោងចក្រទីពីរនឹងត្រូវបានសាងសង់នៅភាគខាងត្បូងប្រទេសវៀតណាមពីរឆ្នាំបន្ទាប់ពីរោងចក្រទីមួយចាប់ផ្តើមប្រតិបត្តិការវានឹងរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធស្រដៀងគ្នារួមទាំងមជ្ឈមណ្ឌលដឹកជញ្ជូន និងរោងចក្រកែច្នៃផងដែរ៕