អគ្គីភ័យដែលបង្កឡើងដោយការផ្ទុះបំពង់ហ្គាសនៅស្ថានីយប្រេងមួយនៅជាយក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បាននឹងកំពុងរាលដាលដល់ផ្ទះប្រជាជនប្រមាណ៤៩ខ្នង និងបណ្តាលឲ្យមនុស្សជាង១១២នាក់រងរបួស។ នេះបើតាមសេចក្តីរាយការណ៍ចុងក្រោយរបស់សារព័ត៌មាន ABC ។
មកទល់នឹងពេលនេះនាយកដ្ឋានពន្លត់អគ្គីភ័យកំពុងសង្រ្គោះ ផ្ទះនៅក្បែរនោះដើម្បី សុវត្ថិភាព ហើយអ្នកស្រុកក៏ត្រូវបានអាជ្ញាធរជម្លៀសចេញ។ ក្នុងនោះមានមនុស្ស៦៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារការរលាក ពិបាកដកដង្ហើម និងរបួសផ្សេងៗទៀត។
សូមរំលឹកថាមូលហេតុចម្បងនៃអគ្គីភ័យមួយនេះ គឺបណ្ដាលមកពីការបែកធ្លាយនូវបំពង់បង្ហូរឧស្ម័នរបស់ ក្រុមហ៊ុនស្ថានីយប្រេងមួយនៃប្រទេសម៉ាឡេស៊ី ដែលឆាបឆេះយ៉ាងសន្ធោរសន្ធៅឡើង នៅពេលព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ៕