ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ត្រូវបានកំណត់តម្លៃឲ្យដាក់លក់តម្លៃ ៣៩០០រៀលក្នុងលីត្រសម្រាប់ប្រេងសាំងធម្មតានិង ៣ ៧០០ រៀលក្នុងលីត្រសម្រាប់ប្រេងម៉ាស៊ូត។ តាមការបញ្ជាក់ពីក្រសួងពាណិជ្ជកម្មតម្លៃប្រេងសាំងគឺឡើងថ្លៃចំនួន ៥០រៀល ចំណែកប្រេងម៉ាស៊ូតគឺនៅរក្សាតម្លៃដដែលបើធៀបនឹងតម្លៃចាស់កន្លងទៅ។
តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ទី១០ ខែមេសា ឆ្នាំ២០២៥ នឹងត្រូវ លក់៤ ១៦០រៀលក្នុង ១ លីត្រ សម្រាប់ប្រេងសាំងធម្មតានិង ៣៩៦០រៀលក្នុង ១ លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ប៉ុន្ដែដោយអនុវត្តតាមគោលការណ៍ដែលដាក់ចុះដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយ ប្រេងឥន្ធនៈនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាន អនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាជំនួន៦,៥ សេនដុល្លារក្នុង ១ លីត្រ។