ដាយ អុិឈិ ឡាយហ្វ៍ និង «រត់ជាមួយសាយ» បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) និងប្រកាសជាផ្លូវការ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ក្នុងនាមជាដៃគូឧបត្ថម្ភផ្តាច់មុខនៃកម្មវិធី «រត់ដោយបេះដូង» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានអូឡាំពិក។ កម្មវិធីនេះត្រូវបានគាំទ្រដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ហើយមានគោលបំណងលើកកម្ពស់សុខុមាលភាពសហគមន៍តាមរយៈការរត់កីឡា និងរៃអង្គាសថវិកាចាំបាច់សម្រាប់សាលារៀនទន្សាយ ជាស្ថាប័នឯកទេសទ្រទ្រង់កុមារអូទីស្សឹម។
ថ្ងៃនេះក៏ជាការប្រកាសជាផ្លូវការនៃកម្មវិធី «រត់ដោយបេះដូង» ផងដែរ។ កម្មវិធីរត់នេះមានភាពបត់បែនសម្រាប់អ្នកចូលរួម ដោយមានទាំងជម្រើសរត់ពីចម្ងាយ និងរត់ដោយផ្ទាល់នៅក្នុងថ្ងៃកម្មវិធី។ សម្រាប់អ្នកជ្រើសរើសរត់ពីចម្ងាយ ពួកគាត់អាចផ្ញើកំណត់ត្រារត់ទៅកាន់គណៈកម្មការរៀបចំកម្មវិធី ហើយអាចទៅយកមេដាយរត់ នៅថ្ងៃព្រឹត្តិការណ៍ធំ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ មិនថាលោកអ្នកចូលរួមរត់ដោយផ្ទាល់ ឬពីចម្ងាយ ថវិកាទាំងអស់ពីការចុះឈ្មោះសុទ្ធតែត្រូវបានបរិច្ចាគទៅកាន់សាលារៀនទន្សាយ។
លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃ ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «យើងរំភើបរីករាយដែលបានក្លាយជាដៃគូឧបត្ថម្ភផ្តាច់មុខរបស់កម្មវិធី រត់ដោយបេះដូង។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើងក្នុងការគាំទ្រសហគមន៍នៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងជួយរៃអង្គាសថវិកាទ្រទ្រង់ដល់កុមារអូទីស្សឹម ក៏ដូចជាបង្កើនការផ្សព្វផ្សាយអំពីជំងឺអូទីស្សឹម និងជំរុញសហគមន៍នៅកម្ពុជាឱ្យកាន់តែមានបរិយាបន្ន ដោយធានាថាកុមារគ្រប់រូបទទួលបានការផ្តល់តម្លៃ និងការគាំទ្រដែលពួកគេត្រូវការ។ យើងពិតជាមានកិត្តិយសដែលបានធ្វើការរួមគ្នាជាមួយ សាយ និងគាំទ្រដល់បេសកម្មដ៏សំខាន់របស់សាលាទន្សាយនៅកម្ពុជា»។
ការគាំទ្រនេះបង្ហាញកាន់តែច្បាស់ពីគោលបំណងរបស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ក្នុងការ «សហការជាមួយលោកអ្នក ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាព» ក៏ដូចជាផ្សាភ្ជាប់ទៅនឹងតម្លៃស្នូលមួយរបស់ខ្លួន ដែលផ្តោតលើការយកចិត្តទុកដាក់ចំពោះសហគមន៍។ ភាពជាដៃគូនេះគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការគាំទ្រសហគមន៍ និងជាពិសេសសម្រាប់កុមារដែលងាយរងគ្រោះ។
លោក អ៊ួន បឋម (ហៅ សាយ) ស្ថាបនិក «រត់ជាមួយសាយ» បានបន្ថែមថា៖ «អនុស្សរណៈនៃការយោគយល់គ្នានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កម្មវិធី រត់ដោយបេះដូង។ យើងមានមោទនភាពដែលបានចាប់ដៃគូជាមួយ ដាយ អុិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានការប្តេជ្ញាចិត្តដូចគ្នាទៅនឹងបេសកកម្មរបស់យើង គឺការបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់កុមារអូទីស្សឹមនៅសាលារៀនទន្សាយ។ រួមគ្នា យើងអាចជំរុញបង្កើតអនាគតកាន់តែភ្លឺស្វាងសម្រាប់កុមារអូទីស្សឹមនៅកម្ពុជា។»
កម្មវិធី «រត់ដោយបេះដូង» ជាយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ឱ្យសាធារណៈជនរួមចំណែកជួយដល់សង្គម ដោយធានាថាកុមារអូទីស្សឹមត្រូវបានសង្គមទទួលស្គាល់ ផ្តល់តម្លៃ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង។ កាលពីឆ្នាំ២០២៤ កម្មវិធីរត់ដោយបេះដូងមានអ្នកចូលរួមប្រមាណជិត៥០០នាក់។ ហើយបច្ចុប្បន្ននេះដែរ ការយល់ដឹងអំពីជំងឺអូទីស្សឹមនៅកម្ពុជាកាន់តែមានភាពទូលំទូលាយ ដែលសហការីរៀបចំកម្មវិធីជឿជាក់ថា ព្រឹត្តិការណ៍រត់នាឆ្នាំនេះ នឹងបង្កើតការផ្លាស់ប្តូរកាន់តែប្រសើរសម្រាប់សាលាទន្សាយ ក៏ដូចជាកុមារអូទីស្សឹមនៅកម្ពុជា។
ព័ត៌មានលម្អិតអំពីការចូលរួមកម្មវិធីរត់ដោយបេះដូង៖
- ចុះឈ្មោះចូលរួម៖ https://runwithsai.com/
- ទាក់ទងក្រុមការងារសម្រាប់ព័ត៌មានផ្សេងៗ៖ 098 530 104 / 081 800 900 (តេឡេក្រាម)
អំពី «រត់ជាមួយសាយ»
«រត់ជាមួយសាយ» គឺជាគំនិតផ្តួចផ្តើមរត់ដើម្បីសប្បុរសធម៌ បង្កើតឡើង និងដឹកនាំដោយតារាចម្រៀងកម្ពុជាល្បី លោក អ៊ួន បឋម (ហៅ សាយ)។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងរៃអង្គាសថវិកាជួយដល់សហគមន៍ ជាពិសេសនៅក្នុងវិស័យសុខភាព។ កន្លងមក ក្រុមការងារ «រត់ជាមួយសាយ» បានគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ ដោយផ្តោតលើការព្យាបាលជំងឺមហារីកសម្រាប់កុមារ តាមរយៈការរត់ចម្ងាយ ៣០៣ គីឡូម៉ែត្រពីភ្នំពេញដល់សៀមរាប និង ការរត់ចម្ងាយ ២.៤០៨ គីឡូម៉ែត្រ ឆ្លងកាត់ ២១ខេត្តក្នុងរយៈពេល៩៧ថ្ងៃ។
លើសពីនេះក៏មានកម្មវិធី «រត់ដោយបេះដូង» ដែលមានគោលបំណងគាំទ្រដល់កុមារអូទីស្សឹមនៅសាលារៀនទន្សាយ និងផ្សព្វផ្សាយការយល់ដឹងអំពីជំងឺអូទីស្សឹមនៅទូទាំងសហគមន៍។ ក្រៅពីនេះ ក៏មានកម្មវិធីផ្សេងៗដែលមានការចូលរួមយ៉ាងច្រើនកុះករ ដើម្បីផ្សព្វផ្សាយអំពីបេតិកភណ្ឌប្រទេសកម្ពុជា មានដូចជា កម្មវិធីរត់ ដើម្បីអបអរសាទរខួប១ឆ្នាំ រមណីដ្ឋានប្រាសាទកោះកេរចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, កម្មវិធីរត់ ដើម្បីអបអរសាទរបុណ្យឯករាជ្យជាតិ Kep Sea-Mountain Run និង Preah Vihear Temple Run។ ក្រុមការងារ «រត់ជាមួយសាយ» បន្តផ្សាភ្ជាប់ទំនាក់ទំនង និងបង្កើតការផ្លាស់ប្តូរយូរអង្វែងសម្រាប់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។
អំពី ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា)
ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៥ឆ្នាំប៉ុណ្ណោះ ហើយយើងទទួលបានពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង២០២៤។ ដាយ អុិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនដែលមានបទពិសោធន៍ជាង ១២២ឆ្នាំ និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអុិចឆេង (Tokyo Stock Exchange) ។
ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ១៩០២មក ដាយ អុិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកសាងអនាគតកាន់តែប្រសើរសម្រាប់គ្រប់គ្នា។ ក្រុមហ៊ុនក៏បាននាំយកការប្តេជ្ញាចិត្តដូចគ្នាមកកាន់ប្រទេសកម្ពុជា ដោយនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុដែលសមស្របតាមតម្រូវការលោកអ្នក។ ដាយ អុិឈិ ឡាយហ្វ៍ គឺជាដៃគូដែលគាំទ្រដល់សុខមាលភាពហិរញ្ញវត្ថុរបស់លោកអ្នកជានិច្ច។
នៅ ដាយ អុិឈិ ឡាយហ្វ៍ «យើងគិតគូរ យើងធ្វើអ្វីដែលត្រូវ យើងច្នៃប្រឌិតថ្មី» គឺជាតម្លៃស្នូល ដែលណែនាំគ្រប់ការសម្រេចចិត្តទាំងអស់របស់ក្រុមហ៊ុន។
*ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង អុីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤៤៥.០៨ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៩.៧១ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៤) ៕