កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នាកិច្ចប្រជុំបន្ទាន់ពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ក្រោយគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ានិងថៃ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងចំនួន ១០០.០០០ ដុល្លារ (ដប់ម៉ឹនដុល្លារ អាមេរិក) ដល់ប្រទេសមីយ៉ាន់ម៉ា ជាការសាមគ្គីភាពដ៏រឹងមាំរបស់កម្ពុជាជាមួយគ្រួសារអាស៊ាន។
ទន្ទឹមនឹងនេះ ឯកឧត្តម ប្រាក់ សុខុន ក៏បានពាំនាំការបួងសួង និងចូលរួមរំលែកទុក្ខដោយស្មោះរបស់កម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា និងថៃ ចំពោះសោកនាដកម្មបាត់បង់ជីវិតប្រជាជន និងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដែលបណ្តាលមកពីគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ។
បន្ថែមពីនោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្វាគមន៍ចំពោះភាពសកម្មនៃយន្តការឆ្លើយតបគ្រោះមហន្តរាយអាស៊ាន និងការគាំទ្រពីអន្តរជាតិ ព្រមទាំងបានអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីផ្តោតលើសន្តិភាព និងធានាថាជំនួយមនុស្សធម៌បន្ទាន់នឹងបានទៅដល់ដៃអ្នកដែលត្រូវការ៕