១ឆ្នាំរញ្ជួយដី១៥០០ដង! ជប៉ុនមានវិធីសាស្រ្ត៥យ៉ាង ដើម្បីការពារប្រជាជនពីគ្រោះរញ្ជួយដី
Ping Chou EngMARCH 31 2025534 views

យោងតាមរបាយការណ៍របស់ EarthScope រាយការណ៍ដោយ National Geographic បានឱ្យដឹងជារៀងរាល់ឆ្នាំជប៉ុនជួបគ្រោះរញ្ជួយដីប្រមាណ១៥០០ដង  បើរាប់ទាំងស្ថានស្រាលរហូតមិនអាច មានអារម្មណ៍ដឹងថារញ្ជួយដី។ ជាប្រទេសដែលគំរាមកំហែងដោយការរញ្ជួយដីរាល់ថ្ងៃនេះហើយទើបប្រទេសជប៉ុនបានរកវិធីដើម្បីរស់នៅនិងសម្របខ្លួនជាមួយការរញ្ជួយដី។

 

ក្នុងនោះមានវិធីសាស្រ្ត៥យ៉ាងដែលសង្គមជប៉ុនបាននឹងកំពុងធ្វើ ដើម្បីការពារប្រជាជនពីគ្រោះរញ្ជួយដី និងកាត់បន្ថយគ្រោះមហន្តរាយឱ្យនៅកម្រិតទាបបំផុត៖

 

. សង់សំណង់សម្រាប់ ការរញ្ជួយដី

 

ដោយសារភាពទៀងទាត់នៃការរញ្ជួយដីនៅក្នុងប្រទេសជប៉ុន ផ្ទះទាំងអស់ត្រូវបានសាងសង់ឡើងដើម្បីទប់ទល់នឹងការរញ្ជួយកម្រិតខ្លះ។ ផ្ទះនិងអគារ​នៅ​ប្រទេស​ជប៉ុន​ត្រូវ​បាន​សាងសង់​ឡើង ​តាម​ស្តង់ដារ​ការពារ​ការ​រញ្ជួយ​ដី​យ៉ាង​តឹងរ៉ឹង​ដែល​បាន​កំណត់​ដោយ​ច្បាប់។

 

ច្បាប់ទាំងនេះក៏អនុវត្តចំពោះរចនាសម្ព័ន្ធផ្សេងទៀតដូចជាសាលារៀន និងអគារការិយាល័យ ហើយប្រហែល ៨៧% នៃអគារនៅទីក្រុងតូក្យូអាចទប់ទល់នឹងការរញ្ជួយដី។

 

. ប្រព័ន្ធទូរស័ព្ទទូទាំងប្រទេស ក្រើនរំឮកប្រចាំថ្ងៃ

 

រាល់ស្មាតហ្វូននៅក្នុងប្រទេសជប៉ុនត្រូវបានដំឡើងជាមួយនឹងប្រព័ន្ធប្រកាសអាសន្នគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ប្រហែលពី៥ ទៅ ១០ វិនាទីមុនពេលគ្រោះមហន្តរាយមកដល់។

 

ដើម្បីឱ្យប្រជាជនស្វែងរកការការពារយ៉ាងឆាប់រហ័សប្រសិនបើចាំបាច់។ ប្រព័ន្ធប្រកាសអាសន្ននៅលើទូរស័ព្ទនឹងស្រែកថា Jishin desu! Jishin desu! («មានការរញ្ជួយដី») រហូតដល់ការរញ្ជួយដីឈប់។

 

. ប្រព័ន្ធអប់រំពីគ្រោះរញ្ជួយដីតាមសាលារៀន​

 

សាលារៀននៅក្នុងប្រទេសជប៉ុនតែងអប់រំកុមារតាំងពីក្មេងៗឱ្យ​ ធ្វើសមយុទ្ធចេះការពារខ្លួនពីរញ្ជួយដីជាទៀងទាត់ រៀងរាល់ម្តងក្នុងមួយខែ។

 

ក្នុងនោះវិធីសាស្រ្តទូទៅបំផុតក្នុងអំឡុងពេលសមយុទ្ធគឺសម្រាប់កុមារត្រូវឱនចុះក្រោមតុរបស់ពួកគេហើយសង្កត់លើជើងតុរបស់ពួកគេរហូតដល់ការរញ្ជួយបញ្ចប់។ ប្រសិនបើលេងនៅខាងក្រៅ កុមារត្រូវបានបង្រៀនឱ្យទៅត្រង់កណ្តាលនៃទីធ្លាចំហរ ដើម្បីជៀសវាងការប៉ះទង្គិចដោយកំទេចកំទី។

 

. គ្រប់ផ្ទះមានឧបករណ៍សង្គ្រោះការរញ្ជួយដី

 

គ្រួសារនីមួយៗត្រូវរៀបចំឧបករណ៍សង្គ្រោះការរញ្ជួយដី ដោយម្ចាស់ផ្ទះបានស្តុកទុកជាមួយនឹងឧបករណ៍សង្គ្រោះ បឋម ដបទឹក អាហារ ស្រោមដៃ របាំងមុខ ពិល និងសូម្បីតែវិទ្យុដែលផ្សាយព័ត៌មានថ្មីៗជាប្រចាំ។

 

. បង្កើតផ្លូវរូងក្រោមដី សម្រាប់បញ្ចេញទឹក

 

ស្នាដៃវិស្វកម្មសម្រាប់រំដោះទឹកពីរលកយក្សស៊ូណាមិគឺផ្លូវរូងក្រោមដីនៅ ទីក្រុងតូក្យូ។ រូងក្រោមដីនោះអាចប្រមូលទឹកជន់លិច ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិដូចជាព្យុះស៊ីក្លូន និងរលកយក្សស៊ូណាមិ ហើយបង្ហូរទឹក ទៅក្នុងទន្លេវិញ។  

 

ផ្លូវរូងក្រោមដីនឹងជួយប្រសិនបើតំបន់នេះត្រូវបានវាយប្រហារដោយការរញ្ជួយដី និងបង្កជារលកយក្សស៊ូណាមិ ដើម្បីរំដោះទីក្រុងពី ជន់លិចដ៏ធំណាមួយ។ ផ្លូវរូងក្រោមដីមូយនៅ Tokyo ប្រទេសជប៉ុន ត្រូវចំណាយពេល ១៣ ឆ្នាំដើម្បីសាងសង់ និងចំណាយអស់ ៣ពាន់លានដុល្លារ។

 

សូមជម្រាបថាប្រទេសជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះ រញ្ជួយដីបំផុតនៅក្នុងពិភពលោក ព្រោះវាស្ថិតនៅលើកំពូលនៃបន្ទះ Tectonic បួនដែលប៉ះគ្នាឥតឈប់ឈរ៕

 

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia