ពិភពលោកមានការប្រែប្រួលឆាប់រហ័សដូច្នេះទីផ្សារការងារក៏មានការប្រែប្រួលទៅតាមហ្នឹងដែរ។ ទាក់ទងនឹងទីផ្សារកាងារនេះ លោក Mark Cuban សេដ្ឋីអាមេរិកវ័យ៦៦ឆ្នាំបានបង្ហើបជំនាញសំខាន់ៗចំនួន៣ដែលអាចធ្វើឲ្យមនុស្សជោគជ័យក្នុងអាជីពការងារនាពេលអនាគត។
បើយោងតាមការចុះផ្សាយរបស់CNBC លោកMark Cuban បានឲ្យដឹងថាជំនាញ៣ដែលអាចធ្វើឲ្យអ្នកជោគជ័យខ្លាំងក្នុងអាជីពការងារនាពេលអនាគតមានដូចជាជំនាញចង់ចេះចង់ដឹង ជំនាញដោះស្រាយបញ្ហាបានលឿនឬផ្លាស់ប្ដូរបានលឿននិងជំនាញសម្របខ្លួនបានលឿន។
លោកថាការសម្របខ្លួនគឺជាជំនាញទប់មួយដែលកំពុងតែមានតម្រូវការខ្លាំងនៅលើពិភពលោកនៅក្នុងវិស័យជាច្រើន។ ជំនាញអាចសម្របខ្លួនកាន់តែមានតម្រូវការដែលកើតចេញពីការផ្លាស់ប្ដូរនៃពិភពលោក។ ដូចជាក្រោយកូដ១៩មនុស្សត្រូវចេះបត់ផែនធ្វើការនៅផ្ទះឬធ្វើការពីចម្ងាយ ហើយគួបផ្សំនឹងការកើនឡើងនៃAI ទៀតនោះជំនាញសម្របខ្លួននេះជាជំនាញសំខាន។
លោកបានបន្តទៀតថាជំនាញទន់ដែលបានរៀបរាប់ខាងលើនេះគឺជាជំនាញដែលនៅតែផ្ដល់ប្រាក់ចំណូលដល់អ្នកជារៀងរហូតពោលគឺទាំងពេលបច្ចុប្បន្ន ១០ឆ្នាំទៅមុខក៏ដូចជា១០០ឆ្នាំទៅមុខទៀតក៏អ្នកនៅតែអាចរកចំណូលបានពីជំនាញទាំង៣នេះ។
ចំពោះជំនាញចង់ចេះចង់ដឹងគឺអ្នកអាចបណ្ដុះបានតាមរយៈស្វែងរកប្រធានបទណាដែលអ្នកមិនសូវច្បាស់។ ការសម្រួចជំនាញចង់ចេះចង់ដឹងនឹងជួយអ្នកដោះស្រាយបញ្ហាក្នុងការងារបានលឿននិងខ្លាំងជាងមុន។ រីឯជំនាញផ្លាស់ប្ដូរបានលឿនគឺទាក់ទងនឹងការស្រូបយកព័ត៌មានបានលឿនហើយយកវាទៅអនុវត្តឲ្យមានប្រសិទ្ធភាព៕