ដើម្បីសម្រួលាករធ្វើដំណើរ និងដឹកជញ្ជូនទំនិញឲ្យកាន់តែងាយស្រួល ជាពិសេសដើម្បីទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា រាជរដ្ឋាភិបាលបានដាក់ផែនការសាងសង់ និងលើកកម្រិតគុណភាពជាច្រើនខ្សែ។ ក្នុងនោះដែរយើងសង្កេតឃើញថា មានគម្រោងផ្លូវជាតិធំៗ ៣ នឹងត្រូវបញ្ចប់ការសាងសង់នភៅក្នុងឆ្នាំ២០២៤ នេះ ដែលក្នុងនោះរួមមាន៖
១. ផ្លូជាតិលេខ៧១C
តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា គម្រោងផ្លូវជាតិលេខ៧១C នេះត្រូវបានស្ថាបនារួចរាល់ ១០០ ភាគរយហើយ។ ខណៈគម្រោងផ្លូវ១ខ្សែនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនសាងសង់សៀងហៃគ្រុប( SCG) និងទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបថា ផ្លូវជាតិដ៏សំខាន់នេះ ជាប្រភេទ AC/DBST ចុះកិច្ចសន្យាសាងសង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ និងបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ និងបញ្ចប់ត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់៤២ខែ និងរយៈពេលថែទាំ(ក្នុងកិច្ចសន្យា) ២៤ខែ។
២. ផ្លូវជាតិលេខ៣១
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចបាន ៩៥,៣៨%ហើយ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ហើយបើគ្មានការប្រែប្រួលទេ គម្រោងខ្សែផ្លូវដ៏សំខាន់នេះ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការ កាលពីពេលកន្លងទៅ។
យោងតាមរបាយការណ៍វឌ្ឍនភាពបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ បានបញ្ចប់១០០ភាគរយ ចំណែកឯការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងនឹងបញ្ចប់នៅបំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
គម្រោងផ្លូវជាតិលេខ៣១ ត្រូវបានបើកការដ្ឋានសាងសង់ និងស្តារលើកកម្រិតគុណភាពកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ផ្លូវនេះត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ទទឹង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៤៤កន្លែង ផងដែរ។
៣. ផ្លូវជាតិលេខ៣៣
គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤ សម្រេចលទ្ធផលបាន ៨៣,៥៨%ហើយ ខណៈគ្រោងនឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៤ ខាងមុខឆាប់ៗនេះ។
តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងផ្លូវនេះមានប្រវែង៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីក្រុងកំពត(បំបែកផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្តស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ទៅកាន់ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប។
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដែលមានតម្លៃជាងសង់ជាង៦១លានដុល្លារអាមេរិក និងមានរយៈពេល៤០ខែ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC និងប្រឹក្សាបច្ចេកដោយក្រុមហ៊ុនក្វាងចូវ វ៉ាងអាន ជាប្រភេទក្រាលបេតុងកៅស៊ូ (AC)៕