បើតាមការបញ្ជាក់ពីប្រមុខរាជធានីភិបាល គិតមកដល់ពេលនេះកម្ពុជាមានស្ពានធំៗដែលឆ្លងកាត់ទន្លេ និងតំបន់សំខាន់ៗសរុបជាង ២០ កន្លែងហើយ។ ហើយទៅពេលខាងមុខ ក៏នឹងបន្ដសាងសង់គម្រោងទាំងនេះបន្ថែមទៀតផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងបប្រទេស។
ហើយពេលនេះ Business Cambodia នឹងលើកយកគម្រោងស្ពានធំៗចំនួន ៣ ទីតាំង ដែលកំពុងដំណើរការសាងសង់ក្នុងពេលតែមួយ ដែលសរុបថវិកាក្នុងការសាងសង់មានសរុបជាង ៤០០ លានដុល្លារ។
១. ស្ពានឆ្លងទន្លេមេគង្គក្រោម
ស្ពានកាត់ទន្លេមេគង្គក្រោម ដែលតភ្ជាប់ពីតំបន់ដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅ ដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ ស្ពានថ្មីនេះមានប្រវែង ១,៦០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ជាប្រភេទបេតុង ដែលទទួលការសាងសង់ដោយក្រុមហ៊ុន CRBC។
គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គក្រោមនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារ ដែលជាថវិកាជាតិ និងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។ ពេលសាងសង់រួច ស្ពាននេះនឹងជួយសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាសម្រួលដល់ការធ្វើដំណើរទៅកាន់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិតផងដែរ។
២. ស្ពានឆ្លងកាត់ទន្លេមេគង្គទី១
បច្ចុប្បន្នគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ដែលមានទីតាំងស្ថិតនៅខេត្ដក្រចេះ បានកំពុងដំណើរការសាងសង់យ៉ាងសកម្ម បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ តាមការគ្រោងទុកស្ពាននេះ នឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៦ ខាងមុខ។
សូមជម្រាបថា គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គទី១ នេះមានប្រវែង ១ ៧៦១ ម៉ែត្រ មានទទឹង១៣.៥ ម៉ែត្រ ចាប់ផ្ដើមពីត្រើយខាងកើតស្ថិតនៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្ដក្រចេះ ភ្ជាប់ទៅកាន់ត្រើយខាងលិចស្ថិតនៅឃុំសោប ស្រុកព្រែកប្រសព្វ។ គម្រោងនេះត្រូវបានអនុវត្ដការសាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ SCG និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ខណៈថវិកានៃការសាងសង់មានចំនួន ១១០ លានដុល្លារ។
៣. ស្ពានឆ្លងកាត់ទន្លេបាសាក់
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលតភ្ជាប់តំបន់ព្រែកប្រា និងតំបន់ចាក់អង្រែក្រោម ស្ថិតនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ។ ស្ពានខាងលើនេះជាប្រភេទបេតុងភ្លោះ មានប្រវែងសរុប ១៦៥០ម៉ែត្រ ទទឹង ២៧ម៉ែត្រ ដែលមានសម្រាប់រថយន្តចំនួន ២គន្លងទៅមក សម្រាប់ទោចក្រយានយន្តចំនួន ១គន្លងទៅមក និងសម្រាប់ថ្មើរជើង ១គន្លងទៅមក ។
ស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីនេះ ត្រូវបានទទួលការសាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ និងទីប្រឹក្សាគម្រោង ដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។ តាមការគ្រោងទុកគម្រោងនេះនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧ នឹងចំណាយថវិកាចំនួន ៦០.២ លានដុល្លារ ដែលជាឥណទានសម្បទានពីប្រទេសចិន៕