មុនដាក់ពាក្យក្ស័យធន! បុរសម្នាក់នេះ តស៊ូជាង៥០ឆ្នាំឈរពីក្រោយភាពជោគជ័យខ្លាំងរបស់ Revlon
Kan DaraJUNE 17 20222.7 K views

ជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីក្រុមហ៊ុនគ្រឿងសម្អាងខ្នាតយក្ស Revlon ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក បានដាក់ពាក្យសុំក្ស័យធនជាផ្លូវការ និងជំពាក់បំណុលគេជុំទិសនៅថ្ងៃទី១៦ ខែមិថុនា ក្រោយជោគជ័យខ្លាំង និងមានឈ្មោះបោះសំឡេងជុំវិញពិភពលោកអស់រយៈពេលជិត ១០០ឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន CNBC ចុះផ្សាយនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

តើនរណាជាអ្នកបង្កើតយីហោនេះ? តើយីហោ Revlon មានប្រវត្តិបែបណាខ្លះ មុនដាក់ពាក្យក្ស័យធន?

ក្រុមហ៊ុន Revlon, Inc. បានចាប់កំណើតឡើងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៣២ ដោយមានលោក Charles Revson ជាស្ថាបនិក។ បុរសម្នាក់នេះត្រូវបានគេស្គាល់ថា ជាអ្នកត្រួសត្រាយផ្លូវលើឧស្សាហកម្មគ្រឿងសំអាងបានបង្កើតថ្នាំលាបក្រចកដែលមានសារធាតុពណ៌ ហើយបានបង្កើត និងគ្រប់គ្រង Revlon អស់រយៈពេលប្រាំទសវត្សរ៍។

ត្រឹម៦ឆ្នាំបន្ទាប់ពីការបង្កើត ក្រុមហ៊ុននេះបានក្លាយជាស្ថាប័នដែលមានតម្លៃរាប់លានដុល្លារ។ ក្នុងកំឡុងសង្គ្រាមលោកលើកទី២ Revlon បានបង្កើតគ្រឿងសម្អាង និងផលិតផលដែលពាក់ព័ន្ធសម្រាប់កងទ័ពសហរដ្ឋអាមេរិក ដែលត្រូវបានផ្តល់កិត្តិយសក្នុងឆ្នាំ១៩៤៤ ជាមួយនឹងពានរង្វាន់ Army-Navy "E" Award for Excellence។ នៅចុងបញ្ចប់នៃសង្គ្រាម Revlon គឺជាអ្នកផលិតគ្រឿងសម្អាងលំដាប់លេខទី២ នៅសហរដ្ឋអាមេរិក។

លុះនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៥០ ក្រុមហ៊ុន Revlon បានឧបត្ថម្ភកម្មវិធីសំណួរចម្លើយ «The $64,000 Question» ដែលបានវាយលុកការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់ពីសំណាក់ទស្សនិកជនតាមកញ្ចក់ទូរទស្សន៍ និងជំរុញការលក់ច្រើនបំផុតហួសពីការរំពឹងទុក។ មិនតែប៉ុណ្ណោះក្នុងរបត់ដ៏ធំមួយនោះក៏ជាពេលវេលាដែលប្រេន Revlon បានពង្រីកវិសាលភាពចំណែកទីផ្សាររបស់ខ្លួនយ៉ាងខ្លាំង និងត្រូវបានបង្កើតឡើងជាតំណាងអន្តរជាតិនៅក្នុងទីផ្សារពិសេសថែមទៀតផង។ តាំងពីគ្រានោះមកផលិតផល Revlon ត្រូវបានលក់ក្នុង១៥០ប្រទេស ដោយមានទីតាំងក្នុងទីក្រុងធំៗជាច្រើនរួមមាន Mexico, London, Paris, Hong Kong និង Tokyoជាដើម។

គួរជម្រាបផងដែរថា Charles Revson កើតក្នុងឆ្នាំ១៩០៦ លើទឹកដីនៃរដ្ឋ​ Massachusetts ក្នុងគ្រួសារអន្តោប្រវេសន៍ពីប្រទេសកាណាដាមករស់នៅសហរដ្ឋអាមេរិក និងទទួលមរណភាពនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៧៥។ រឿងពិតមួយដែលមនុស្សភាគច្រើនមិនបានដឹងនោះគឺ ក្រុមហ៊ុន Revlon, Inc. ត្រូវបានបង្កើតឡើងនៅពេលដែល Elka ជាក្រុមហ៊ុនគ្រឿងសម្អាងដែលលោក Revson បានធ្វើការមិនបានដំឡើងតំណែងលោកឱ្យក្លាយជាអ្នកចែកចាយថ្នាក់ជាតិ ទើប Revson សម្រេចចិត្តលាឈប់ពីការងារហើយចូលធ្វើជំនួញដោយខ្លួនឯង។

ខាងក្រោមនេះគឺជាកំពូលទស្សនៈកំពូលៗទាំង៤ របស់មេធំប្រេន Revlon

១/. បើ​អ្នក​មិន​អាច​ផ្លាស់​ប្តូរ​ជោគ​វាសនា​របស់​អ្នក​ទេ សូម​ផ្លាស់​ប្តូរ​អាកប្បកិរិយា​របស់​អ្នក។

២/. នៅក្នុងរោងចក្រយើងធ្វើគ្រឿងសំអាង នៅក្នុងឱសថស្ថានយើងលក់ក្តីសង្ឃឹម។

៣/. ធំនឹងកាន់តែធំ តូចនឹងត្រូវលុបចោល។

៤/. មនុស្សដែលមានគំនិតច្នៃប្រឌិតប្រៀបដូចជាកន្សែងសើម ដែលអ្នកពួតទឹកពួកគេចេញ ហើយយកមួយទៀត៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia