សាលាអន្តរជាតិ ហ្គ្រេញកម្ពុជា (TGIS) ដែលស្ថិតនៅក្រោមក្រុមហ៊ុន Crestar Education Group (CEG) មានមូលដ្ឋានស្ថិតនៅប្រទេសសិង្ហបុរី បានបើកដំណើការជាផ្លូវការសាលា K-12 សាខាដំបូងរបស់ខ្លួននៅខណ្ឌទួលគោក នៃរាជធានីភ្នំពេញ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ ជាមួយនឹងសាលាអន្តរជាតិ Kinderland ជាសាខាទីពីរផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការនេះ ដោយមានការចូលរួមពីឥស្សរជនល្បីៗ រួមមាន ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនា ទេវី លោកស្រី Bernice Seow លេខាទី២ (ផ្នែកនយោបាយ) នៃស្ថានទូតសិង្ហបុរី ឯកឧត្តម ជា ជាតិ អនុលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។
បរិវេណសាលារៀនត្រូវបានបំពាក់ដោយសម្ភារៈបរិក្ខារជាច្រើនរួមមាន៖ មជ្ឈមណ្ឌលបច្ចេកវិទ្យា មន្ទីរពិសោធន៍វិទ្យាសាស្ត្រ និងកន្លែងហាត់កីឡាក្នុងបរិវេណសាលា ហើយអាចផ្ទុកសិស្សបានរហូតដល់ 700 នាក់។ព្រឹត្តិការណ៍នេះក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួនពីរជាមួយនឹងវិទ្យាស្ថានអប់រំដែលមានមូលដ្ឋានស្ថិតនៅប្រទេសសិង្ហបុរីដ៏ល្បីល្បាញគឺវិទ្យាស្ថានគ្រប់គ្រងសិង្ហបុរី (SIM) និងវិទ្យាស្ថានអន្តរជាតិ KLC ផងដែរ ។
ភាពជាដៃគូជាមួយ SIM នឹងផ្តល់ឱ្យសិស្សនូវជម្រើសបន្ថែមទៅក្នុងកម្មវិធីថ្នាក់មូលដ្ធាន និងសញ្ញាប័ត្រផ្នែកគ្រប់គ្រង និងពាណិជ្ជកម្មជាមួយសាកលវិទ្យាល័យជាដៃគូរបស់ SIM បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាកម្រិតថ្នាក់ទី10 ។
លើសពីនេះ សាលាអន្តរជាតិ ហ្គ្រេញកម្ពុជាTGIS នឹងក្លាយជាដៃគូតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលគ្រូសំរាប់កុមារតូចៗជាភាសាចិនអន្តរជាតិរបស់ វិទ្យាស្ថានអន្តរជាតិ KLC ។
នៅក្នុងសុន្ទរកថារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន គាត់បានកោតសរសើរចំពោះក្រុមហ៊ុន CEG សម្រាប់ការវិនិយោគនៅកម្ពុជា និងទំនុកចិត្តរបស់ក្រុមហ៊ុននៅក្នុងប្រទេស។ លោកមានប្រសាសន៏ថា សាលាថ្មីនេះបានបង្កើនឱកាសដល់កុមារកម្ពុជាក្នុងការទទួលបានការអប់រំកម្រិត ស្តង់ដារអន្តរជាតិប្រកបដោយគុណភាពខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ និងតួនាទីរបស់ប្រព័ន្ធអប់រំក្នុងការលើកកម្ពស់គុណភាពនៃធនធានមនុស្ស។ លោកបានបន្ថែមថា រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ សាលារៀនទាំងក្នុងវិស័យសាធារណៈ និងឯកជន គឺជាចំណែកដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ព្រមទាំងមានរដ្ឋាភិបាលដែលតែងតែជាអ្នកនាំមុខក្នុងការគាំទ្រការអប់រំប្រកបដោយគុណភាព។
ការកើនឡើងនៃសាលាអន្តរជាតិនៅក្នុងប្រទេស ជាពិសេសនៅក្នុងក្រុងភ្នំពេញថា “ឥឡូវនេះយើងមានប្រព័ន្ធអប់រំផ្សេងៗគ្នានៅក្នុងប្រទេស រួមទាំងប្រព័ន្ធអប់រំរបស់ប្រទេសសិង្ហបុរីផងដែរ ដែលបានផ្តល់ឱ្យឪពុកម្តាយ និងសិស្សានុសិស្សនូវជម្រើសជាច្រើនដើម្បីជ្រើសរើស”។ .
នៅក្នុងសុន្ទរកថាបើករបស់នាយកគ្រប់គ្រង CEG លោក Robert Leong បានថ្លែងថា សាលាអន្តរជាតិ ហ្គ្រេញកម្ពុជា TGIS និង សាលាអន្តរជាតិ Kinderland បានប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលសិស្សឲ្យបានគ្រប់ជ្រុងជ្រោយ ដែលបំពាក់ដោយចំណេះដឹង ជំនាញ គុណតម្លៃ និងចរិតលក្ខណៈដែលមានលក្ខណៈត្រៀមរួចជាស្រេចនាពេលអនាគត ដើម្បីរួមចំណែកប្រកបដោយអត្ថន័យជួយដល់សង្គមជាតិកម្ពុជា។
“កម្មវិធីសិក្សា សាលាអន្តរជាតិ ហ្គ្រេញកម្ពុជា TGIS-Kinderland បានរួមបញ្ចូលជាមួយកម្មវិធីសិក្សាដ៏ល្អបំផុតរបស់ប្រទេសសិង្ហបុរី ខេមប្រ៊ីជ និងប្រទេសកម្ពុជា ដើម្បីបណ្តុះបណ្តាលសិស្សឱ្យទទួលបាននូវចំណេះដឹង និងជំនាញសំខាន់ៗសម្រាប់ការចូលរួមចំណែកយ៉ាងពេញលេញទាំងក្នុងសង្គម កម្ពុជា និងទូទាំងពិភពលោក។ កម្មវិធី STEM របស់យើងរួមបញ្ចូលការអភិវឌ្ឍជំនាញសំខាន់ៗដូចជាការដោះស្រាយបញ្ហា និងគំនិតច្នៃប្រឌិត។”
យោងតាមសម្តីរបស់លោក កម្មវិធីសិក្សាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) នឹងផ្តល់ជូននូវបទពិសោធន៍លើការសិក្សាដ៏សម្បូរបែបរបស់សិស្សជាមួយនឹងឧបករណ៍ចុងក្រោយបង្អស់នៅក្នុងមន្ទីរពិសោធន៍កុំព្យូទ័រ កម្មវិធីអប់រំ មាតិកាពហុព័ត៌មាន និងតំណរភ្ជាប់ជាមួយនឹងប្រព័ន្ធអ៊ីនធឺណិត។
លោកបានមានមតិបន្ថែមទៀតថា CEG ផ្តោតសំខាន់ទៅលើស្តង់ដារអប់រំអន្តរជាតិចំនួនពីរគឺ TIMSS ដែលតំណាងឱ្យនិន្នាការក្នុងការសិក្សា គណិតវិទ្យា និងវិទ្យាសាស្ត្រអន្តរជាតិ ដែលជាកម្មវិធីវាយតម្លៃដែលបានចេញផ្សាយក្នុងឆ្នាំ2024 និងពិន្ទុ PISA ដែលជាពិន្ទុវាយតម្លៃសិស្សអន្តរជាតិដែលធ្វើឡើងដោយអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD)។
ការវាយតម្លៃទាំងពីរបង្ហាញថា ប្រទេសសិង្ហបុរីបានឈរនៅលំដាប់កំពូលក្នុងបញ្ជីប្រទេសចំនួន 65 ក្នុងការរៀបចំសិស្សសម្រាប់ចំណេះដឹងសេដ្ឋកិច្ចជាសកលនៅសតវត្សរ៍ទី 21 ផ្នែកវិទ្យាសាស្ត្រ ការអាន និងគណិតវិទ្យា។
នាយក CEG បានកត់សម្គាល់ថា "នៅពេលយើងបើកទ្វាររបស់យើងនាថ្ងៃនេះ យើងបន្តប្តេជ្ញាបង្កើតភាពជាដៃគូដ៏រឹងមាំ ដែលបង្កើតឱកាសដ៏មានអត្ថន័យ បង្កើនបទពិសោធន៍អប់រំ ផ្តល់អោយបុគ្គលម្នាក់ៗមានភាពអភិវឌ្ឍន៍ និងជំរុញការរួមចំណែកជាវិជ្ជមានដល់សហគមន៍កម្ពុជាប្រចាំទូទាំងតំបន់" ។
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនា ទេវី ជាម្ចាស់នៃ Lamy Penpal Programme បានមានព្រះបន្ទូលក្នុងសុន្ទរកថារបស់ទ្រង់អំពីសារៈសំខាន់នៃការអប់រំប្រកបដោយគុណភាពក្នុងការបង្កើតពលរដ្ឋជំនាន់ក្រោយនៃពិភពលោក។
ទ្រង់ក៏បានលើកឡើងពីតម្រូវការក្នុងការនាំមនុស្សជាតិអោយចូលរួមក្នុងសកម្មភាពអប់រំ និងសារៈសំខាន់នៃការសរសេរដោយដៃនៅក្នុងយុគសម័យឌីជីថលនេះ។ ព្រះនាងម្ចាស់បានកត់សម្គាល់ថា "ការសរសេរអក្សរ (pen pal) សិស្សមិនត្រឹមតែអាចកែលម្អជំនាញទំនាក់ទំនងរបស់ពួកគេប៉ុណ្ណោះទេថែមទាំង ជួយកែលម្អលើការយល់ដឹងអំពីពិភពលោកខាងក្រៅរបស់ពួកគេ ក្រៅអំពីមិត្តភាពផងដែរ " ។
ក្នុងពេលថ្លែងប្រាប់អ្នកកាសែតខ្មែរថាមស៍ នៅខាងក្រៅព្រឹត្តិការណ៍នេះ លោក Andrew Tay ប្រធានក្លឹប Singapore Cambodia (SCC) បានលើកឡើងថា ប្រព័ន្ធអប់រំរបស់ប្រទេសសិង្ហបុរីត្រូវបានគេវាយតម្លៃខ្ពស់នៅក្នុងប្រទេសកម្ពុជាចំពោះគុណភាពដ៏ល្អឥតខ្ចោះរបស់ខ្លួន។ លោកបានអបអរសាទរ CEG ដែលបានជ្រើសរើសប្រទេសកម្ពុជា ដើម្បីបើកដំណើរការសាខា K-12 ដំបូងរបស់ខ្លួន។
ស្ថិតនៅក្នុងបេះដូងនៃទីក្រុងភ្នំពេញ សាលាអន្តរជាតិ ហ្គ្រេញកម្ពុជា TGIS និង សាលា អន្តរជាតិ Kinderland ផ្តល់នូវការអប់រំរួមមួយ ដែលសង្កត់ធ្ងន់ទៅលើឧត្តមភាពនៃការសិក្សា ការអភិវឌ្ឍន៍ខ្លួន និងភាពជាពលរដ្ឋសកល។
CEG ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៧ ឥឡូវមានមជ្ឈមណ្ឌលលើសពី ១២០ នៅទូទាំង ៨ ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយកំពុងត្រៀមខ្លួនសម្រាប់ការពង្រីកបន្ថែមទៀតនាពេលខាងមុខនេះ ដែលគោលដៅទីផ្សារមានដូចជា ប្រទេសវៀតណាម និងអូស្រ្តាលី។