រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំនួន ៦០កន្លែង ឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងកំពង់សោម នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្រាប់លក្ខខណ្ឌជ្រើសរើស កាលបរិច្ឆេទទទួលពាក្យ និងវិញ្ញាសាប្រឡង មានដូចខាងក្រោម៖
– បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ
– មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់នៅភូមិសាស្ត្រក្នុងខេត្តព្រះសីហនុ
– មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានពិរុទ្ធភាពកន្លងមក
– សុខភាពល្អនិងមាំមួន កាយសម្បទាគ្រប់គ្រាន់ និងឆ្លងកាត់ការត្រួតពិនិត្យកាយសម្បទាមុននឹង ផ្តល់ពាក្យសុំប្រឡង (ពិនិត្យអវយវៈ ការនិយាយស្តី ការស្តាប់ ការមើល ដំណើរ ស្លាកស្នាម សាក់លើដងខ្លួន និងតេស្តរកសារធាតុញៀន)
– បុរសមានកម្ពស់ ១,៧០ម៉ែត្រឡើង នារីមានកម្ពស់១,៦៥ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រនឹងកម្ពស់
– មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ មានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង ឬមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើឡើង មានអាយុយ៉ាងច្រើនត្រឹម ៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង។
ខ- កាលបរិច្ឆេទផ្តល់ពាក្យ ទទួលពាក្យ និងទីកន្លែង
– ផ្តល់ពាក្យ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥
– ទទួលពាក្យ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០នាទី
– ទីកន្លែងផ្តល់និងទទួលពាក្យ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
គ- អំពីវិញ្ញាសាប្រឡង
១- ចំណេះដឹងទូទៅ
២- ចំណេះដឹងទូទៅទាក់ទងនឹងកិច្ចការនគរបាល។
ឃ- អំពីឯកសារដែលត្រូវភ្ជាប់មកជាមួយ
នៅពេលបេក្ខជនម្នាក់ៗ មកទទួលពាក្យប្រឡងប្រជែងឱ្យចូលបម្រើការងារនៅអធិការដ្ឋាននគរបាល ក្រុងកំពង់សោមនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
– សញ្ញាបត្រឬលិខិតបញ្ជាក់ការសិក្សា (ច្បាប់ដើម) ១ច្បាប់
– សេចក្តីចម្លងសំបុត្រកំណើតឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត (ច្បាប់ដើម) ១ច្បាប់
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម) ១ច្បាប់
– សៀវភៅស្នាក់នៅនិង/ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ១ច្បាប់
– លិខិតថ្កោលទោស (ពេលមកដាក់ពាក្យ) ១ច្បាប់៕