មូលនិធិកូកា-កូឡា សហការជាមួយអង្គការកម្ចីខ្នាតតូច Kiva ដើម្បីជួយគាំទ្រដល់សហគ្រិនប្រមាណ ៤៥.០០០ នាក់ជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ
Sopheak PichAUGUST 25 2023

ទីក្រុងស៊ីដនី និងអាត្លង់តា ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ - មូលនិធិ កូកា-កូឡា​​ បានប្រកាសការគាំទ្ររបស់ខ្លួនសម្រាប់យុទ្ធនាការ Change Make Her ដែលជាភាពជាដៃគូរយៈពេលប្រាំឆ្នាំថ្មីមួយ ជាមួយ Kiva ដែលជាអង្គការមិនរកប្រាក់ចំណេញផ្នែកផ្ដល់កម្ចីខ្នាតតូច។ ការគាំទ្រនេះ គឺដើម្បីជួយសហគ្រិននៅជុំវិញពិភពលោកដែលពិបាកស្វែងរកសេវាហិរញ្ញវត្ថុ ឱ្យមានលទ្ធភាពកាន់តែច្រើន ក្នុងការទ​ទួលបានសេវានេះ។

ការប្រកាសនេះត្រូវបានធ្វើឡើងនៅឯកិច្ចប្រជុំកំពូលភាពចម្រុះ សមភាព និងបរិយាបន្ន ស្ដីអំពីប្រធានបទ «Level the Playing Field» របស់ Coca-Cola នៅឯទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ជាការខិតខំមួយទៀត បន្ថែមពីលើការគាំទ្ររបស់ក្រុមហ៊ុនជាយូរមកហើយ សម្រាប់ការប្រកួត FIFA Women's World CupTM។ កូកា-កូឡា បន្តធ្វើការជាមួយដៃគូដ៏មានឥទ្ធិពលជុំវិញពិភពលោក ក្នុងការជំរុញឱ្យការងារលើកកម្ពស់ស្ត្រីនិងក្រុមដែលមិនមានតំណាងនៅក្នុងវិស័យអាជីវកម្មនិងសង្គម កាន់តែអភិវឌ្ឍឲ្យបានទូលំទូលាយជាងមុន។

Kiva ល្បីឈ្មោះថាជា វេទិកាដែលផ្តល់ប្រាក់កម្ចីជាសកលមួយ ដែលជួយឲ្យអ្នកផ្ដល់កម្ចីងាយស្រួលស្វែងរកអ្នកខ្ចីប្រាក់ តាមរយៈការផ្ដល់កម្ចីដោយវិធីរៃអង្គាស។ វិធីនេះ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយក្នុងការជួយផ្ដល់ប្រាក់កម្ចីដល់ប្រជាជន​ដែលមិនមានលទ្ធភាពប្រើប្រាស់សេវាធនាគារពាណិជ្ជ។

Photo 2023 08 25 12 19 38

Photo 2023 08 25 12 19 51

Photo 2023 08 25 12 19 41ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ កម្មវិធី Change Make Her នឹងដើរតួជាមូលនិធិកម្ចីដែលវិលទៅវិលមក សម្រាប់ជួយគាំទ្រដល់សហគ្រិននៅអាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិកខាងត្បូង អាហ្រ្វិក អាមេរិកឡាទីន និងអឺរ៉ុប ដែលធ្វើអាជីវកម្មលើវិស័យសំខាន់ៗ រួមមានដូចជាវិស័យកសិកម្មបែបចីរភាព ភាពធន់នឹងអាកាសធាតុ ទឹក និងវិស័យលក់រាយ។

  Photo 2023 08 25 12 20 05លោកស្រី Saadia Madsbjerg ប្រធានមូលនិធិ កូកា-កូឡា បាននិយាយថា៖ «ប្រាក់ដែលអ្នកខ្ចីសង នឹងត្រូវបង្វិលចូលមកមូលនិធិនេះវិញ ជាហេតុធ្វើឱ្យកញ្ចប់មូលនិធិអាចផ្តល់ប្រាក់កម្ចី ម្ដងហើយម្ដងទៀតជូនដល់សហគ្រិននៅជុំវិញពិភពលោក។ រចនាសម្ព័ន្ធនេះនឹងធ្វើឱ្យកញ្ចប់ថវិកាឆ្នាំ២០២៣ចំនួន ១,១ លានដុល្លារសហរដ្ឋអាមេរិក  អាចក្លាយជាកម្ចីទំហំ ៤,៥ លានដុល្លារសហរដ្ឋអាមេរិក ត្រឹមឆ្នាំ ២០២៨។

លោកស្រី Madsbjerg បាននិយាយបន្តថា៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីរបស់យើងជាមួយ Kiva ដែលមានបំណងលើសពីការផ្ដល់ឲ្យទៅទៀត។ តាមរយៈការចូលរួមជាមួយអ្នកផ្តល់ប្រាក់កម្ចីនិងដៃគូដែលមានទស្សនៈដូចគ្នាមកពីជុំវិញពិភពលោក កម្មវិធី Change Make Her នឹងអនុញ្ញាតឱ្យយើងផ្តល់ប្រាក់កម្ចីម្ដងហើយម្ដងទៀត ទន្ទឹមគ្នានឹងអ្នកផ្ដល់កម្ចីរាប់ពាន់ស្ថាប័នផ្សេងទៀត។ ការសហការណ៍នេះ​គឺ​ជា​ភាព​ជា​ដៃគូ​ដែល​ផ្អែក​លើ​ជំនឿដូចគ្នាមួយ ​ដែលជឿថាលទ្ធភាពទទួល​បាន​សេវាហិរញ្ញវត្ថុ​ មានឥទ្ធិពលជួយ​លើក​កម្ពស់​សហគមន៍បាន»។

លោកស្រី Madsbjerg បាននិយាយបន្ថែមថា៖ «សហគ្រាសខ្នាតតូចគឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការបង្កើតការងារនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក។ យើងសង្ឃឹមថា បន្ថែមពីលើការគាំទ្រដោយផ្ទាល់ដល់សហគ្រិន កម្មវិធី Change Make Her នឹងបង្កើតឥទ្ធិពលដ៏ប្រសើរជាបន្តបន្ទាប់សម្រាប់មនុស្សជំនាន់ក្រោយ នៅពេលដែលសហគ្រិនទាំងនោះបន្តបង្កើតការងារថ្មី និងជំរុញឱ្យមានភាពរីកចម្រើននៅក្នុងសហគមន៍របស់ពួកគេ»។

 

ក្នុងរយៈពេល ១៧ ឆ្នាំកន្លងមកនេះ អង្គការ Kiva បានផ្តល់ប្រាក់កម្ចីប្រមាណជាង ២ ពាន់លានដុល្លារទៅដល់មនុស្ស ៤,៧ លាននាក់នៅទូទាំងពិភពលោក ពោលគឺជាទំហំកម្ចីដែលច្រើនជាងមូលនិធិដទៃទៀត។ ប្រាក់កម្ចីពី Kiva ប្រមាណជាង ៨០ ភាគរយ ត្រូវបានផ្ដល់ជូនទៅស្ត្រី។ ក្នុងនោះ ៩៦ ភាគរយនៃពួកគេ បានសងប្រាក់មកវិញ។ នៅក្នុងប្រទេសកម្ពុជា Kiva បានសម្របសម្រួលដល់សេវាកម្ចីជាប្រាក់ជាង ៦៨ លានដុល្លារដល់អ្នកខ្ចីជាង ២៤៤,០០០ នាក់នៅទូទាំងប្រទេស។

Photo 2023 08 25 12 19 59

Photo 2023 08 25 12 20 02លោក Vishal Ghotge នាយកប្រតិបត្តិ Kiva បាននិយាយថា៖ « Kiva មានកិត្តិយសក្នុងការចាប់ដៃគូជាមួយមូលនិធិ កូកា-កូឡា ក្នុងការពង្រីកការងារផ្ដល់សេវាហិរញ្ញវត្ថុរបស់យើង តាមរយៈប្រាក់កម្ចីដែលអាចផ្លាស់ប្តូរជីវិតមនុស្សបាន។ បើប្រៀបធៀបនឹងការធ្វើតែឯកឯង ភាពជាដៃគូនេះជួយឲ្យយើង អាចផ្តល់ឱកាសដល់មនុស្សបានច្រើនជាង ដល់ទៅរាប់ពាន់នាក់ឯណោះ។ កត្តានេះ សបញ្ជាក់ឲ្យឃើញនូវឥទ្ធិពលនៃភាពជាដៃគូ ដែលមានគុណតម្លៃដូចគ្នា។ យើងសូមថ្លែងអំណរគុណចំពោះមូលនិធិ កូកា-កូឡា ដែលមានការប្តេជ្ញាចិត្តបែបនេះ ហើយយើងទន្ទឹងរង់ចាំធ្វើការជាមួយគ្នាលើការងារជំរុញសមភាពយេនឌ័រ ការផ្ដល់សេវាហិរញ្ញវត្ថុជូនជនភៀសខ្លួន និងសេវាកម្មដែលជួយបង្កើនភាពធន់នឹងអាកាសធាតុ នៅក្នុងសហគមន៍នានាជុំវិញពិភពលោក។»

ក្នុងរយៈពេលបួនទស្សវត្សរ៍ចុងក្រោយនេះ មូលនិធិកូកា-កូឡា បានគាំទ្រកម្មវិធីពង្រឹងសេដ្ឋកិច្ចជាច្រើននៅទូទាំងពិភពលោក រួមទាំងកម្មវិធី 5by20 រយៈពេលមួយទសវត្សរ៍ដែលរួមគ្នាជាមួយក្រុមហ៊ុន កូកា-កូឡា និងក្រុមហ៊ុនជាដៃគូផលិតភេសជ្ជៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចស្ត្រីជាង ៦ លាននាក់។

តាមរយៈកម្មវិធី Change Make Her បុគ្គលិក កូកា-កូឡា នឹងអាចជួយតម្រង់ទិសនៃប្រាក់កម្ចីរបស់ Kiva ជូនដល់សហគ្រិន និងចូលរួមគាំទ្រដោយផ្ទាល់ដល់បេសកកម្មរបស់មូលនិធិ កូកា-កូឡា ។ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីរបស់ Kiva សូមចូលទៅកាន់គេហទំព័រ http://www.kiva.org/​ ។

 

អំពីមូលនិធិកូកា-កូឡា

បេសកកម្មរបស់មូលនិធិកូកា-កូឡា គឺធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍ជុំវិញពិភពលោក នៅតាមទីតាំងដែលក្រុមហ៊ុនកូកា-កូឡា តាំងនៅនិងកន្លែងដែលបុគ្គលិករបស់យើងរស់នៅនិងធ្វើការ។ យើងគាំទ្រគំនិតអភិវឌ្ឍន៍និងស្ថាប័នដែលដោះស្រាយបញ្ហាប្រឈមជាសកលដ៏ស្មុគស្មាញដែលដំណោះស្រាយនោះអាចវាស់វែងបាននិងយូរអង្វែង។ ការផ្តល់ឱ្យរបស់យើង គឺផ្តោតលើលទ្ធភាពទទួលបានទឹកប្រើប្រាស់ប្រកបដោយសុវត្ថិភាព ចីរភាព ភាពធន់នឹងអាកាសធាតុ ការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងហានិភ័យពីគ្រោះមហន្តរាយ សេដ្ឋកិច្ចចក្រា ការពង្រឹងសេដ្ឋកិច្ច និងបេសកកម្មផ្សេងៗដែលផ្ដល់ផលវិជ្ជមានដល់សហគមន៍របស់យើង។ ចាប់តាំងពីពេលកកើតដំបូងក្នុងឆ្នាំ ១៩៨៤ មក មូលនិធិកូកា-កូឡា បានផ្តល់ជំនួយជាង ១,៥ ពាន់លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួយឲ្យសហគមន៍នៅជុំវិញពិភពលោក កាន់តែមានភាពរឹងមាំ។

 

 អំពី Kiva

Kiva គឺជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ និងមានបេសកកម្មពង្រីកលទ្ធភាពទទួលបានកម្ចី និងជួយសហគមន៍ដែលពិបាករកសេវានេះ ឱ្យរីកចម្រើន។ Kiva ស្វែងរកប្រាក់សម្រាប់អ្នកត្រូវការខ្ចីតាមរយៈប្រាក់កម្ចីដែលប្រមូលបានដោយវិធីរៃអង្គាស ពីមនុស្សជាច្រើននៅជុំវិញពិភពលោក។ ដោយចូលរួមត្រឹមតែ២៥ដុល្លារ អ្នកអាចជួយគាំទ្រសហគ្រិន និងម្ចាស់អាជីវកម្មខ្នាតតូចនៅសហរដ្ឋអាមេរិក និងជុំវិញពិភពលោក ឲ្យមានលទ្ធភាពទទួលបានប្រាក់ដែលពួកគេត្រូវការ។ ប្រាក់វិនិយោគ ២ ពាន់លានដុល្លារ ពីមនុស្សជាង ២ លាននាក់ បានធ្វើឲ្យក្ដីស្រមៃនិងឱកាសរបស់មនុស្ស៤,៧ លាននាក់ នៅជាង៩០ប្រទេស ក្លាយជាការពិត។

Sopheak Pich

អត្ថបទសរុប៖ 682

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia