កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលធ្វើជាម្ចាស់ផ្ទះនៃ កម្មវិធីបវរកញ្ញានិស្សិតអន្តរជាតិ World Miss University Cambodia 2024 នៅកំឡុងខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ដែលមានបវរកញ្ញាមកពីជិត១០០ប្រទេសជុំវិញពិភពលោក ដើម្បីតំណាងសាកលវិទ្យាល័យនិងប្រទេសរបស់ពួកគេ ក្នុងការបង្ហាញទេពកោសល្យ សមត្ថភាព ចំណេះដឹងនិងសម្រស់ ។
តាមរយៈគេហទំព័រ World Miss University Cambodia Organizing Committee បានឱ្យដឹងថា កម្មវិធីប្រកួតបវរកញ្ញាឯកសកលវិទ្យាល័យពិភពលោកលើកទី៣២នេះ ក៏បានផ្តល់ឱកាសសម្រាប់បងប្អូននិស្សិតស្រីកម្ពុជាដែលមកពីថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងបណ្ឌិតមកពីគ្រប់ទិសទី ទាំងអស់កំពុងមានអាយុចាប់ពី១៨-២៧ឆ្នាំ មានក្តីស្រមៃនិងចំណាប់អារម្មណ៍ចង់ តំណាងឱ្យប្រទេសកម្ពុជាដើម្បីបង្ហាញសក្តានុពលនិងធនធាននិស្សិតកម្ពុជា ទៅកាន់ពិភពលោកផងដែរ។
ក្នុងនោះស្ថាប័នកម្ពុជានៃ WMU ដែលគាំទ្រដោយអង្គសហប្រជាជាតិនេះ ក៏កំពុងទទួលពាក្យស្នើសុំចូលរួមប្រឡងកញ្ញាឯកសាកលវិទ្យាល័យពិភពលោកនេះ ដើម្បីស្វែងរកបេក្ខនារីថ្នាក់ជាតិដើម្បីប្រកួតតំណាងប្រទេសកម្ពុជានៅខែធ្នូ ឆ្នាំ២០២៤នេះ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
យ៉ាងណាមិញការទទួលពាក្យក៏នឹងផុតកំណត់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះហើយ ដោយការប្រកួតត្រឹមថ្នាក់ជាតិ គឺនឹងប្រារព្ធឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ខណៈជ័យលាភីបវរកញ្ញាឯកនិស្សិត នឹងទទួលបានទឹកប្រាក់អាហារូបករណ៍សរុប ៤៨លានរៀល៕
អត្ថបទដោយ៖ ពីង ជូអេង