បើអ្នកជាអ្នកតាមកីឡាបាល់ទះបុរសក្នុងព្រឹត្តិការណ៍ Sea Game ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អ្នកប្រហែលជាចាប់អារម្មណ៍ទៅលើកីឡាករលេខ១៤របស់ឥណ្ឌូនេស៊ីព្រោះកីឡាកររូបនេះគឺជាកីឡាករដែលមានសក្ដានុពលជួយក្រុមជម្រើសជាតិបាល់ទះឥណ្ឌូនេយកមេដាយមាសទាំង Sea Game ឆ្នាំ២០២១និង២០២៣។ អ្វីដែលយើងកត់សម្គាល់នោះគឺ កីឡាករ Farhan Halim មានម្រាមដៃឆ្វេងតែ៤ប៉ុណ្ណោះ។
កីឡាករ Farhan Halim កើតនៅថ្ងៃទី២១ ខែមេសាឆ្នាំ២០០១នៅប្រទេសឥណ្ឌូនេស៊ី ហើយបច្ចុប្បន្នកីឡាកររូបនេះប្រកបអាជីពបាល់ទះឲ្យក្រុម Jakarta Club STIN BIN និងលេងឲ្យក្រុមជម្រើសជាតិឥណ្ឌូនេស៊ីផងដែរ។
កីឡាករដែលកម្ពស់១.៩៣ម៉ែត្ររបស់ឥណ្ឌូនេស៊ីរូបនេះត្រូវបានគេរំពឹងនឹងក្លាយជាតារាបាល់ទះរះចែងចាំងប្រចាំប្រទេសឥណ្ឌូនេស៊ីដោយគាត់បានចាប់ផ្ដើមលេងបាល់ទះកាលពីអាយុ១២ឆ្នាំ។ ថ្វីត្បិតកីឡាកររូបនេះកម្រិតសិក្សាមិនសូវបានខ្ពងខ្ពស់ពិតមែនប៉ុន្ដែគាត់អាចឈោងចាប់អាជីពជាកីឡករបាល់ទះយ៉ាងជោគជ័យជាមួយសមត្ថភាពលេចធ្លោធ្វើឲ្យអ្នកស្នេហាវិស័យកីឡាបាល់ទះជាច្រើនចាប់អារម្មណ៍គាត់គ្រប់ៗគ្នា។
អ្វីដែលគេចាប់អារម្មណ៍និងកត់សម្គាល់នោះគឺដៃឆ្វេងរបស់គាត់មានត្រឹមតែ៤ម្រាមប៉ុណ្ណោះពោលគឺដាច់កូនដៃដោយសារគ្រោះថ្នាក់ឧបទ្ទវហេតុ។
Farhan ត្រូវបានគេចាប់អារម្មណ៍ខ្លាំងក្នុងពិភពបាល់ទះកាលពីគាត់បានចូលរួមនៅក្លឹប Jakarta Pertamina Energi club និងស៊ីហ្គេមឆ្នាំ២០២១ដែលធ្វើនៅប្រទេសវៀតណាហើយការបង្ហាញខ្លួនរបស់គាត់នៅការប្រកួត Proligaនៅឥណ្ឌូនេស៊ីធ្វើឲ្យរូបគាត់កាន់តែត្រូវបានគេចាប់អារម្មណ៍ខ្លាំង។
គួរបញ្ជាក់ផងដែរថាក្រៅពីប្រកបអាជីពបាល់ទះនៅលីគឥណ្ឌូនេស៊ី Farhan Halim ក៏ធ្លាប់លេងនៅក្លឹបបរទេសដែរ ដោយធ្លាប់បានលេងឱ្យក្លឹប Hatta Club Dubai ប្រកួតប្រជែងនៅក្នុង United Arab Emirates Volleyball League (UAE) ក្នុងឆ្នាំ ២០២០និង២០២១ ហើយគាត់ថែមទាំងបានជួយក្លិប Hatta Club Dubai ជោគជ័យ និងឈ្នះ ជើងឯក United Arab Emirates Junior Volleyball League (UAE) ផងដែរ៕