កាសែត Bangkok Post បានចុះផ្សាយថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តបង្កើនថ្ងៃឈប់សម្រាកសាធារណៈ សម្រាប់ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ ឱ្យមានថ្ងៃឈប់សម្រាករយៈពេលវែងជាច្រើនថ្ងៃ ដើម្បីជំរុញវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ។
សម្រាប់ការឈប់សម្រាកនេះរដ្ឋាភិបាលថៃនឹងបន្ថែមនៅក្នុងខែមិថុនា និងខែសីហា ឆ្នាំ២០២៥ ដោយរៀបចំឱ្យថ្ងៃបុណ្យជាតិកន្លងមកដែលមានរយៈពេល១ថ្ងៃ ជាប់ជាមួយថ្ងៃចុងសប្តាហ៍ ហើយថែមថ្ងៃសម្រាក១ថ្ងៃទៀត ដូច្នេះប្រជាជននឹងបានថ្ងៃឈប់សម្រាករយៈពេលវែងចំនួន៤ថ្ងៃ ចំនួនពីរលើកពោលគឺនៅក្នុងខែ០៦និងខែ០៨។
បន្ថែមពីនេះដែរសម្រាប់បំណាច់ខែធ្នូឆ្នាំ២០២៥ ចូលឆ្នាំ២០២៦ ក្នុងខែមករា រដ្ឋថៃនឹងអនុញ្ញាតឱ្យប្រជាជនឈប់សម្រាកចាប់ពីថ្ងៃទី៣១ខែធ្នូ ហូតដល់ថ្ងៃទី០២ ខែមករា ដូច្នេះប្រជាជនថៃនឹងបានសម្រាករយៈពេល៥ថ្ងៃសម្រាប់ទិវាចូលឆ្នាំសកល។ ដូច្នេះប្រទេសថៃនឹងមានថ្ងៃឈប់សម្រាកសាធារណៈ សរុបចំនួន២១ថ្ងៃនៅក្នុងឆ្នាំ២០២៥។
គូរជម្រាបថាការប្រកាសនិងសម្រេចបង្កើនថ្ងៃឈប់សម្រាកបន្ថែមនេះ រដ្ឋាភិបាលថៃធ្វើឡើងដើម្បីស្របទៅនឹងយុទ្ធសាស្រ្តរបស់នាយករដ្ឋមន្ត្រីថ្មីលោកស្រី Paetongtarn Shinawatra ក្នុងការកំណត់ឆ្នាំ២០២៥ជាឆ្នាំ ទេសចរណ៍និងកីឡា ខណៈប្រទេសថៃកំពុងពឹងផ្អែកទៅលើឧស្សាហកម្មទេសចរណ៍ និងការដើរលេងរបស់ប្រជាជន ដើម្បីជួយឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន ក្រោយជំងឹកូវីត៕
អត្ថបទដោយ៖ ពីង ជូអេង